ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ៖ ការធ្វើអត្តឃាត ក្លាយជាបញ្ហាសុខភាព សាធារណៈថ្មីមួយ សម្រាប់ពិភពលោក

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការធ្វើអត្តឃាត បានក្លាយទៅជាបញ្ហា សុខភាពសាធារណៈថ្មីមួយ សម្រាប់ពិភពលោក ដែលការធ្វើអត្តឃាត ជាមូលហេតុនាំមុខមួយ នៃមូលហេតុនាំមុខនៃការស្លាប់ ។
នេះជាការថ្លែង របស់លោករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការអភិវឌ្ឍផែនការ សកម្មភាពពហុវិស័យសម្រាប់ ការបង្ការការធ្វើអត្តឃាត” នាថ្ងៃ២១ មករា ។

សិក្ខាសាលានេះរៀបចំឡើងដោយ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណងស្វែងយល់ពីការធ្វើអត្តឃាតជាសកល ក្នុងតំបន់ និងនៅប្រទេសកម្ពុជា , ចែករំលែកបទពិសោធន៍នៃការបង្ការការធ្វើអត្តឃាត , ធ្វើការវិភាគស្ថានការណ៍ និងការរៀបចំសេចក្តីព្រាង ផែនការសកម្មភាពពហុវិស័យ សម្រាប់ការបង្ការការធ្វើអត្តឃាតនៅកម្ពុជា។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា ក៏បានមានប្រសាសន៍ទៀតថា ការបង្ការ ការធ្វើអត្តឃាត ក៏ជាផ្នែកមួយ នៃយុទ្ធសាស្រ្តឆ្ពោះ ទៅកាន់ចក្ខុវិស័យរបស់ក្រសួងសុខាភិបាល ដែលសម្រេចបាន «ប្រជាជនកម្ពុជាគ្រប់រូប រស់នៅប្រកបដោយសុខភាព និងសុខុមាលភាពកាន់តែល្អប្រសើរ រួមចំណែកអភិវឌ្ឍធនធានមនុស្ស និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព» ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងឱកាសនោះដែរ សាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ជូនសមាជិកសិក្ខាសាលា ដើម្បីជាទុន សម្រាប់ការពិចារណា ក្នុងការកសាងផែនការ សម្រាប់ការបង្ការ ការធ្វើអត្តឃាត ។ សាស្រ្តាចារ្យ ក៏អំពាវនាវដល់អង្គការ សុខភាពពិភពលោក អង្គការ USAID ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ និងអន្តរជាតិ បន្តជួយដល់វិស័យ សុខាភិបាល និង ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តផែនការសកម្មភាព ពហុវិស័យសម្រាប់បង្ការ ការធ្វើអត្តឃាតជាបន្តទៀត ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព៕

To Top