ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញលោកសាស្ត្រាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ជាវាគ្មិនកិត្តិយស ធ្វើបទឧទ្ទេសនាមក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០២៧នាក់ កាលពីថ្ងៃ២១ មករា។
ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល និងបានរំលឹកពីប្រវត្តិនៃការបង្កើតផ្នែកឯកទេសជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលជាសមិទ្ធផលមួយកើតចេញនៃការប្រើប្រាស់ភាពជាអ្នកដឹកនាំ និងមានការចូលរួមចំណែកពីលោកសាស្រ្តាចារ្យ ឆែម គាតរិទ្ធី ផងដែរ។ សាស្រ្តាចារ្យ ក៏បានលើកជាសំណួរសម្រាប់ជូនវាគ្មិនកិត្តិយសបកស្រាយទៅលើលក្ខខណៈសម្បតិ្តរបស់មេដឹកនាំ ដែលអាចនាំឱ្យសម្រេចបានគោលដៅនៅគ្រប់កាលៈទេសៈ។
ជាកិច្ចបន្តសាស្រ្តាចារ្យទេសរដ្ឋមន្រ្តី បានធ្វើបទបង្ហាញស្តីពី «ភាពជាអ្នកដឹកនាំ ដ៏មានប្រសិទ្ធភាព» ដោយបានចែករំលែក ករណីសិក្សា និងបទពិសោធន៍នៃការដឹកនាំរបស់ឯកឧត្តម នៅតាមស្ថាប័នអន្តរជាតិជាង៤០ ឆ្នាំកន្លងមក។ សាស្រ្តាចារ្យ ក៏បានបង្ហាញថា ដើម្បីដឹកនាំឱ្យមានប្រសិទ្ធភាព អ្នកដឹកនាំត្រូវយកចិត្តទុកដាក់លើកង្វល់របស់អង្គភាព ឬកង្វល់របស់បុគ្គលិកនិងត្រូវលះបង់ពេលវេលា ដើម្បីស្វែងរកដំណោះស្រាយកង្វល់ទាំងអស់ឱ្យគ្រប់ជ្រុងជ្រោយ , អ្នកដឹកនាំត្រូវមានចំណេះដឹងទូលំទូលាយ និងមានភាពក្លាហាន ក្នុងការចេះយកចំណេះដឹងទាំងនោះមកប្រើប្រាស់សម្រាប់ដោះស្រាយកង្វល់ និងសម្រាប់ផលប្រយោជន៍រួម , អ្នកដឹកនាំត្រូវទទួលខុសត្រូវលើការងាររបស់ខ្លួន និងធ្វើឱ្យកន្លែងធ្វើការងារមានភាពត្រជាក់ត្រជុំ និងត្រូវប្រើប្រាស់សំដីឲ្យស្របទៅនឹងសកម្មភាពរបស់ខ្លួន ៕