បរទេស ៖ ទាហានកូរ៉េខាងជើងម្នាក់ ក្នុងចំណោមទាហានកូរ៉េខាងជើង ពីរនាក់ ដែលត្រូវបានចាប់ខ្លួន ដោយអ៊ុយក្រែនក្នុងខែ នេះបានអះអាងថា គាត់បានមកដល់ប្រទេសរុស្ស៊ី ដោយមិនដឹងថាគាត់នឹងប្រយុទ្ធជាមួយនរណា, នេះបើយោងតាមវីដេអូ មួយផ្សេងទៀត នៃការសួរចម្លើយដែលចេញផ្សាយ ដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ។
យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីដើមខែនេះ លោក Zelenskyy បានលាតត្រដាងថា កងកម្លាំងរបស់លោកបានចាប់ខ្លួន ទាហានកូរ៉េខាងជើង នៅក្នុងតំបន់ជួរមុខភាគខាងលិច នៃទីក្រុង Kursk របស់រុស្ស៊ី ដោយបានចែករំលែកវីដេអូ នៃការសួរចម្លើយរបស់ពួកគេ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ។
នៅក្នុងវីដេអូចុងក្រោយបំផុត ដែលបានបង្ហោះកាលពីថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ទាហានម្នាក់ ក្នុងចំណោមទាហាន ដែលត្រូវបានចាប់ខ្លួនបាននិយាយថា គាត់បានមកដល់ប្រទេសរុស្ស៊ី តាមកប៉ាល់មួយគ្រឿង ជាមួយមនុស្សប្រហែល ១០០ នាក់ផ្សេងទៀត មុនពេលត្រូវបានដឹក ជញ្ជូនតាមផ្លូវដែក។
បុរសនោះបាននិយាយនៅក្នុងវីដេអូជាភាសាកូរ៉េថា “សូម្បីតែបន្ទាប់ពីមកទីនេះ ក៏ខ្ញុំមិនដឹងថា ខ្ញុំនឹង ប្រយុទ្ធជាមួយប្រជាជន អ៊ុយក្រែនទេ” ។ យ៉ាងណាក៏ដោយ វីដេអូមិនអាចផ្ទៀងផ្ទាត់ ដោយឯករាជ្យបានទេ។
គាត់បាននិយាយថា ទាហានកូរ៉េខាងជើងមួយចំនួន ត្រូវបានបង្រៀន ពីរបៀបប្រើប្រាស់អាវុធ និងឧបករណ៍របស់រុស្ស៊ី ប៉ុន្តែលោកផ្ទាល់មិនបានទទួល ការបណ្តុះបណ្តាលបែបនេះទេ។
ទាហានដែលត្រូវបានគេជឿថា កើតនៅឆ្នាំ ២០០៥រូបនេះ បាននិយាយថា គាត់បានចូលបម្រើយោធា នៅពេលគាត់ មានអាយុ ១៧ ឆ្នាំ ដូចដែលបុរសកូរ៉េខាងជើង ភាគច្រើនធ្វើបន្ទាប់ ពីបញ្ចប់ការសិក្សា ហើយគាត់មានទំនាក់ទំនង ជាមួយក្រុមនៅក្រោមការិយាល័យ ឈ្លបយកការណ៍ របស់យោធាកូរ៉េខាងជើង៕
ប្រែសម្រួលៈ ណៃ តុលា