ព័ត៌មានជាតិ

បណ្ឌិត យង់ ពៅ ៖ សម រង្ស៊ី តែងបរាជ័យលើការឆ្កឹះឆ្កៀលពលរដ្ឋ និង កងកម្លាំងប្រដាប់អាវុធ ឱ្យប្រឆាំងរាជរដ្ឋាភិបាល

ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហា នយោបាយនិងសង្គម និងជាអ្នកជំនាញ វិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា លោក សម រង្ស៊ី ពុំធ្លាប់បោះបង់ចេតនាញុះញង់ពលរដ្ឋ និង កងកម្លាំងប្រដាប់អាវុធ ឱ្យងើបឡើង ប្រឆាំងនឹងរាជរដ្ឋាភិបាល កម្ពុជានោះទេ នៅក្នុងអាជីពនយោបាយរបស់ខ្លួន ប៉ុន្តែជារៀងដរាបរហូតមក អ្នកនយោបាយ រូបនេះ នៅតែមិនទទួលបានជោគជ័យ ទៅតាមបំណង របស់របស់ខ្លួនឡើយ ព្រោះតែប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់ អាវុធ បានយល់ច្បាស់ អំពីមហិច្ឆតានយោបាយ ប្រកបដោយភាពទុច្ចរឹត របស់អ្នកនយោបាយរូបនេះ។ នេះបើតាមការចេញ ផ្សាយរបស់វេបសាយ រាជបណ្ឌិតសភាកម្ពុជា នាថ្ងៃ២២ មករា ។

ការលើកឡើងរបស់លោកនេះ បន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា លោក សម រង្ស៊ី តែងតែដើរព្យាយាមញុះញង់ពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ។ ជាក់ស្តែងករណីថ្មីៗនេះទៀត គឺបញ្ហាតម្លៃស្រូវធ្លាក់ចុះលោក សម រង្ស៊ីមិនបោះបង់ចោលគំនិតអាក្រក់នោះទេ នៅតែបន្តញុះញង់កសិករឲ្យងើបបះបោលប្រឆាំងតវ៉ាតម្លៃស្រូវនេះ។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ការបន្តចេតនាញុះញង់ឆ្កឹះឆ្កៀល ពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាល ពីសំណាក់អតីតមេដឹកនាំ គណបក្សប្រឆាំងនេះ នឹងមិនជះឥទ្ធិពល ឬបង្កជាចរន្តប្រឆាំង រាជរដ្ឋាភិបាល ទៅតាមគោលដៅ របស់ក្រុមអ្នកនយោបាយប្រឆាំង នៅក្រៅស្រុកនោះឡើយ ហើយការញុះញង់និង អំពាវនាវទាំងនេះ គ្រាន់តែជាសារនយោបាយគ្មានទម្ងន់ របស់អតីតអ្នក នយោបាយប្រឆាំង ដែលនិរទេសនៅក្រៅស្រុកតែប៉ុណ្ណោះ។

លោកបណ្ឌិតអះអាងថា ទោះបីជាលោក សម រង្ស៊ី បានដឹងថា គ្មានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់ អាវុធចំពោះការអំពាវនាវ របស់ខ្លួនក៏ដោយក្ដី ក៏អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ នៅតែបន្តបន្លឺសម្លេងរបស់ខ្លួន នៅក្នុងបញ្ហានយោបាយកម្ពុជា ដើម្បីអាចទាញផល ចំណេញនៅក្នុងរូបភាពណាមួយ ដែលពេលខ្លះបានត្រឹមតែ ជាការអង្រួនសង្វៀន នយោបាយកម្ពុជា ឱ្យអ្នកគាំទ្ររបស់លោកមើលឃើញថា លោកនៅតែមានវត្តមាន នៅក្នុងនយោបាយកម្ពុជា។

លោកបណ្ឌិតបន្តថា ““កងកម្លាំងនេះទៀត សោត គឺគាត់តែងតែគិតថា គាត់អាចទាញផលចំណេញ ពីការញុះញង់ហ្នឹង ណាមួយបាន ចឹងគាត់ខំប្រឹងញុះញង់ទៅ ប៉ុន្តែជាក់ស្តែងការញុះញង់ហ្នឹង គ្រាន់តែជាការដាស់ឬក៏អង្រួនសង្វៀន នយោបាយថានៅមានគាត់បានបញ្ជាក់ទៅកាន់អ្នកគាំទ្រគាត់ថា នៅមានគាត់នៅក្នុងសង្វៀន នយោបាយកម្ពុជា ក្នុងខណៈគាត់ នៅក្រៅស្រុកហើយចេះ តែប្រើវិធីសាស្រ្តញុះញង់ ហើយអ្នកដែលជឿតាមការញុះញង់គាត់មួយចំនួន តូចតែងតែរងគ្រោះដោយសារគាត់ រីឯគាត់ដើរប្រមូលលុយ ប្រមូលថវិកា នៅក្រៅស្រុកទេ ។ នេះជាការណ៍មួយ ដែលគាត់តែងតែធ្វើ”។

លោកថា ប៉ុន្តែជាលទ្ធផលអ្នកជឿតាម និងដើរ តាមការញុះញង់របស់លោក សម រង្ស៊ី ជានិច្ចកាលតែងតែរង គ្រោះដោយសារតែអ្នក នយោបាយរូបនេះ ពិសេសការប្រឈមមុខ នឹងវិធានការផ្លូវច្បាប់ ជាធរមាន រីឯលោក សម រង្ស៊ី បែរជាសម្ងំប្រមូលថវិកានៅឯក្រៅស្រុក ដោយមិនរវីរវល់នឹងសុខទុក្ខ របស់អ្នកដើរតាមនោះឡើយ៕

To Top