ព័ត៌មានជាតិ

លោក សាយ សំអាល ៖ ផ្តើមចេញពីវប្បធម៌សន្ទនា ការរកក្តីសង្ឃឹមថ្មី និងបំណងប្រាថ្នារួម ធ្វើឱ្យសម្រេចសមិទ្ធផល២ ជូនអ្នករាម

ភ្នំពេញ៖ លោក សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានលេីកឡេីង លេីបណ្តញសង្គម ជាមួយរូបភាពបង្ហាញ នូវស្នាមញញឹម របស់ពលរដ្ឋនៅឆ្នេររាម ខេត្តព្រះសីហនុ ដោយភ្ជាប់មកជាមួយសំណេរថា ស្នាមញញឹមនេះ គឺផ្តើមចេញពីវប្បធម៌ សន្ទនា ការរកក្តីសង្ឃឹមថ្មី និងបំណងប្រាថ្នារួម ដែលធ្វើឱ្យយើងបានសម្រេចនូវសមិទ្ធផល ២ ជូនអ្នករាម ខេត្តព្រះសីហនុ ។

ការលេីកឡេីងរបស់លោក សាយ សំអាល ខាងលេីនេះ ត្រូវបានសម្តេចធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចែករំលែកបន្ត លេីបណ្តាញសង្គម នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះផងដែរ ។

ក្នុងនោះលោក សាយ សំអាល បានគូសបញ្ជាក់ថា ឆ្នេរសមុទ្ររាម គឺជាកន្លែងដែលប្រជាជនកម្ពុជា ពីគ្រប់ទិសទីចូលចិត្តមកកំសាន្ត និងលំហែ តាមរយៈខ្យល់អាកាសល្អ ទេសភាពស្អាត ម្ហូបអាហារឆ្ងាញ់ និងបដិសណ្ឋារកិច្ចល្អ។ ទោះជាយ៉ាងណាក៏ដោយ កន្លែងនេះ កាលពីមុន មានការសង់តូបនៅលើឆ្នេរខ្សាច់ ដែលមិនមានរបៀបរៀបរយ និងពិបាកនៅក្នុងការរស់នៅ។

លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី បានលេីកឡេីងថា “ក្រុមការងារថ្នាក់ជាតិ និងប្រជាជននៅតំបន់ឆ្នេរនេះ បានពិគ្រោះយោបល់និងឈរលើជំហររួមថា យើងមានលទ្ធភាពទាំងរក្សាឆ្នេរជាសួនសាធារណៈសម្រាប់ឧត្តមប្រយោជន៍ប្រជាជនទូទាំងប្រទេសផង និងអាចរៀបចំជាលំនៅឋានសមរម្យឱ្យបងប្អូន ដែលជាយុទ្ធជននៃកងទ័ពជើងទឹកផងដែរ” ។

បន្ថែមលេីនេះ លោក សាយ សំអាល លេីកឡេីងទៀតថា”ដោយមានការឯកភាព ស្រុះស្រួលគ្នាខាងលើ ជម្រើសនេះ យើងបានរៀបចំ ចេញជាភូមិឋានក្សេមមក្សាន្ត ហើយខ្ញុំបានមកប្រគល់ប័ណ្ណកម្មសិទ្ធិ សម្គាល់ម្ចាស់អចលនវត្ថុទាំងអស់ ជូនបងប្អូនដែលខ្លះជាអតីត និងបងប្អូនខ្លះទៀត កំពុងបម្រើការជាកងទ័ពជើងទឹក ដោយអារម្មណ៍រីករាយ និងភាតរភាព”។

លោក រដ្ឋមន្ត្រី បញ្ជាក់ថា នេះហើយជាស្មារតី៧មករា គឺសាមគ្គីមានជ័យ៕

To Top