ព័ត៌មានជាតិ

ឃាត់ខ្លួនចាងហ្វាង សារព័ត៌មាន២នាក់ បញ្ជូនទៅតុលាការ

ភ្នំពេញ ៖ ចាងហ្វាងសារព័ត៌មាន២នាក់ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ពីការធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយបញ្ជូនទៅតុលាការ ។

បើតាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃ២២ មករានេះបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២១ មករា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានអញ្ជើញចាងហ្វាងសារព័ត៌មាន២នាក់ មកបំភ្លឺជុំវិញផ្សព្វផ្សាយព័ត៌មាន ករណីញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម ប្រឌិតផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យចលាចលសង្គម និងប៉ះពាល់ដល់សន្តិសុខជាតិ ប្រព្រឹត្តកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។

ក្រោយសាកសួរ អ្នកទាំង២នាក់នោះហើយ នៅរសៀលថ្ងៃទី២១ មករា សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនចាងហ្វាង សារព័ត៌មាន២នាក់ ដែលបានបង្ហោះ វីដេអូព័ត៌មាន ខ្លឹមសាររូបភាពបែបញុះញង់បង្កឱ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បំភ្លៃព័ត៌មានខុសពីការពិត និងបានកាត់តរូបភាពថ្នាក់ដឹកនាំ ជាមួយវីដេអូប្រើ អំពើហិង្សាមិនដឹងប្រភពច្បាស់លាស់ ដែលជាវីដេអូនៅបរទេស ហើយត្រូវបានសារព័ត៌មាន គណនីហ្វេសប៊ុកផេកឈ្មោះ S.A TVHD Live 24h និង គណនីហ្វេសប៊ុកផេកឈ្មោះ គេហទំព័រ ខេមបូឌាស្តាដេលីញយ៍ 24/24h យកមកផ្សព្វផ្សាយ សរសេរចំណងជើង «ពិតជាសាហាវព្រៃផ្សៃណាស់ទីតាំងមួយ កន្លែងមានក្រុមឧក្រិដ្ឋជនធ្វើទារុណកម្មមនុស្ស និងបើកល្បែង អនឡាញនៅកណ្តាលក្រុងភ្នំពេញ ក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ក្រុងភ្នំពេញ តើឱ្យសង្ឃឹមអាជ្ញាធរខណ្ឌដង្កោ គឺដូចសង្ឃឹម ផ្កាយលើមេឃអ៊ីចឹង!» និងបានដាក់រូបភាពថ្នាក់ដឹកនាំមួយចំនួនផ្សារភ្ជាប់ជាមួយខ្លឹមសារព័ត៌មាន ដែលផ្ទុយនិងធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មាន នាំឱ្យមហាជនទូទៅយល់ច្រឡំ និងបង្កប៉ះពាល់កិត្តិយសរសេចក្តីថ្លៃថ្នូរថ្នាក់ដឹកនាំ ប៉ះពាល់សន្តិសុខជាតិក៏ ដូចមុខមាត់ប្រទេសជាតិផងដែរ។

ចាងហ្វាងសារព័ត៌មានដែលត្រូវឃាត់ខ្លួន៖១-ឈ្មោះ ដួង អក្ខរា អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរចាងហ្វាងអង្គភាពសារព័ត៌មាន www.satvkh.com ទីលំនៅ ផ្ទះ១៨ ផ្លូវលេខ២ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាអ្នកគ្រប់គ្រងគណនីហ្វេសប៊ុក ផេកឈ្មោះ៖ S.A TVHD Live 24h។
២-ឈ្មោះ ឡាយ សុជាតិ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរចាងហ្វាងអង្គភាពសារព័ត៌មាន ខេមបូឌាស្តាដេ លីញយ៍ 24/24h ទីលំនៅភូមិក្បាលស្ពាន១ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នក គ្រប់គ្រង់គណនីហ្វេសប៊ុកផេកឈ្មោះ គេហទំព័រ ខេមបូឌាស្តាដេលីញយ៍ 24/24។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ការឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់ សមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដោយមិនជាប់ពាក់ព័ន្ធនិងការគាបសង្កត់ ឬបំភិតបំភ័យដល់អ្នកសារព័ត៌មានលើសិទ្ធិបញ្ចេញយោបល់ នោះទេ៕

To Top