ព័ត៌មានជាតិ

ថ្ងៃទី២ នៃសន្និបាតរដ្ឋបាលរាជធានីភ្នំពេញ រកឃើញ១១ បញ្ហាប្រឈម និងដោះស្រាយ១៣ចំណុច ពាក់ព័ន្ធសណ្តាប់ធ្នាប់ តាមចិញ្ចើមផ្លូវសាធារណៈ

ភ្នំពេញ៖ ដើម្បីបានជាធាតុចូលសំខាន់ៗ ក្នុងអង្គសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ សម្រាប់ថ្ងៃទី២ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ពាក់ព័ន្ធការគ្រប់គ្រងសណ្តាប់ធ្នាប់ ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ អង្គសន្តិបាត បានរកឃើញបញ្ហាប្រឈមចំនួន១១បញ្ហា និងបានពិភាក្សារកមធ្យោបាយដោះស្រាយ១៣ចំណុច ។

ដំណើរការសន្និបាតខាងលើនេះ លោក កើត ឆែ អភិបាលរងរាជធានីភំពេញ បានអញ្ជើញដឹកនាំ និងធ្វើការសម្របសម្រួលដល់ក្រុមទាំង៦ ដើម្បីធ្វើបទបង្ហាញពីលទ្ធផលនៃការពិភាក្សា ក្រោមអធិបតីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ខណៈសន្និបាតថ្ងៃទី២ ត្រូវបានធ្វើឡើងនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។

ក្នុងនោះពាក់ព័ន្ធការគ្រប់គ្រងសណ្តាប់ធ្នាប់ ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ ត្រូវបាន ឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ ដែលជាក្រុមពិភាក្សា១ក្នុងចំណោម៦ក្រុម បានលើកឡើងនិងបង្ហាញទៅកាន់អង្គសន្និបាតថា ក្រោយពីពិភាក្សាជាក្រុមយ៉ាងផុលផុស អស់ជាច្រើនម៉ោង អង្គសន្និបាត បានរកឃើញបញ្ហាប្រឈមចំនួន១១បញ្ហា និងបានពិភាក្សារកមធ្យោបាយដោះស្រាយចំណុច១៣ចំណុច ។

ក្នុងនោះបញ្ហាប្រឈម មានចំនួន១១ ចំណុចនោះរួមមាន៖ ១-ការយល់ដឹង និងខ្វះការចូលរួមសហការពីប្រជាពលរដ្ឋនៅមានកម្រិត ដោយបានប្រើប្រាស់ ចិញ្ចើមផ្លូវ សាធារណៈសម្រាប់ធ្វើការលក់ដូរ និងអារជីវកម្មរបស់ខ្លួន ។ ២-អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងសណ្តាប់ធ្នាប់ អនុវត្តការងារមួយចំនួន ពុំទាន់មានឆន្ទៈ គ្រប់គ្រាន់ក្នុងការអនុវត្តឱ្យបានល្អប្រសើរ ។ ៣-នៅតាមទីតាំងផ្សារឯកជនភាគច្រើនពុំមានទីតាំងចំណតត្រឹមត្រូវ សម្រាប់បម្រើឱ្យអាជីវករ ធ្វើការផ្ទេរទំនិញផ្សេងៗ ។៤-អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ពុំទាន់អនុវត្តការងារ ស្របទៅតាមលិខិតបទដ្ឋានគតិយុត្ត និងច្បាប់ផ្សេងៗ ក៏ដូចជាគោលកាណ៍ណែនាំនានា ឱ្យបានល្អនៅឡើយ ។ ៥-ការអនុវត្តវិធានការនៅតាមតម្រាយផ្លូវ ដែលមានព្រំប្រទល់រវាងរដ្ឋបាលខណ្ឌ និងរដ្ឋបាលខណ្ឌ ពុំអនុវត្តការងារឱ្យបានស្របគ្នា ។៦-ការអនុវត្តវិធានរដ្ឋបាល និងវិធានការច្បាប់ ពុំអាចអនុវត្តដោយមានភាពខ្លាំង ឬតក់ក្រហល់បាននោះទេ ព្រោះ អាចធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ របស់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងអ្នកលក់ដូរនៅ តាមចិញ្ចើមផ្លូវ។ ៧-ប្រសិទ្ធភាពនៅក្នុងការរៀបចំ សណ្តាប់ធ្នាប់ តាមផ្លូវតូចៗក្នុងមូលដ្ឋានខណ្ឌ នៅមានកម្រិត។ ៨-ប្រសិទ្ធភាព នៃការរៀបចំ មានរយៈពេលខ្លី បន្ទាប់ពីបានរៀបចំទីតាំងនោះរួចរាល់ ។ ៩-ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរ តាមចិញ្ចើមផ្លូវសាធារណៈ ភាគច្រើនជាអ្នកមានជីវភាពខ្វះខាត ។ ១០-ពុំមានកម្លាំងគ្រប់គ្រាន់ សម្រាប់បម្រើឱ្យក្នុងការ ចុះអប់រំ ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និង ពុំមានទីកន្លែងសមរម្យ ឬសមស្របសម្រាប់ធ្វើការរៀបចំ ឱ្យអ្នកលក់ដូរតាមចិញ្ចើមផ្លូវ។ ១១-រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ ពុំមានកម្លាំងគ្រប់គ្រាន់ សម្រាប់ការចុះអប់រំ ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកលក់ដូរតាមចិញ្ចើម ផ្លូវសាធារណៈ៕

To Top