ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសជាខេត្ត គ្មានសំរាម និងសំណល់ប្លាស្ទិកតាមទីសាធារណៈ

កំពង់ឆ្នាំង ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសជាខេត្ត គ្មានសំរាមនិងសំណល់ប្លាស្ទិកតាមទីសាធារណៈ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ និងបណ្តាដៃគូអភិវឌ្ឍន៍ ជាពិសេសដល់រដ្ឋបាលខេត្ត កំពង់ឆ្នាំង ដែលមានការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ អង្គភាព ចំណុះពាក់ព័ន្ធ ជាពិសេស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមបណ្តាគ្រឹះស្ថានសិក្សា ចំណេះទូទៅនៅទូទាំងខេត្ត ចូលរួម ធ្វើឱ្យទូទាំងខេត្តកំពង់ឆ្នាំងយើងស្អាត សង្គមយើងស្អាត ប្រទេសជាតិយើងមានបរិស្ថានស្អាត គឺដើម្បីភាពស្អាតរបស់កម្ពុជាទាំងមូល។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ភាពស្អាតក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺសំដៅដល់ភាពស្អាតចេញពីក្នុងចិត្ត និងភាពស្អាត ទាំងបរិស្ថានរស់នៅលើដី លើមេឃនិងក្នុងទឹក។ នៅពេលដែលយើងមានភាពស្អាតចេញពីចិត្ត ហើយបរិស្ថានជុំវិញយើងនឹងស្អាត ជាលទ្ធផលយើង នឹងទទួលបានសង្គមជាតិទាំងមូល ដែលស្អាតជាក់ជាមិនខាន។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ពីការពង្រឹង កិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបន្តយកចិត្តទុកដាក់ ជាអាទិភាពលើ ការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ ដោយធានាឱ្យ គ្រប់ទីប្រជុំជន សហគមន៍ សាលារៀន មានសេវាប្រមូល ដឹកជញ្ជូន និងទីលានទុកដាក់ សំរាមប្រកបដោយប្រសិទ្ធភាព និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំសម្អាតផ្ទះយើងឱ្យស្អាត ត្រៀមចាំទទួល ភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិ។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ឆ្នាំង បានលើកឡើងថា យុទ្ធនាការ «កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ សម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » ចាប់ពីថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នៅទូទាំងខេត្តកំពង់ឆ្នាំង ទទួលបានលទ្ធផលជាទីគាប់ចិត្ត ដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារសម្របសម្រួល នៃក្រសួងបរិស្ថាន បានចុះដឹកនាំលើយុទ្ធនាការ “កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន” និងយុទ្ធនាការសម្អាតផ្លូវជាតិ “ផ្លូវជាតិគ្មានសំរាម និង សំណល់ប្លាស្ទិក” លើក្រុង/ស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំងបាន ចំនួន ៣០០លើក ក្នុងនោះក្រុមការងារសម្រប សម្រួលនៃក្រសួងបរិស្ថាន បានចុះដឹកនាំផ្ទាល់ចំនួន ៨១លើក ៕

To Top