«បុណ្យចូលឆ្នាំចិន» ដែលមានអាយុកាល ជាង៥០០០ឆ្នាំ ត្រូវបានប្រជាជាតិចិន តែងបានសាទរ ជារៀងរាល់ឆ្នាំ គឺជាស្មារតីរួមរបស់ប្រជាជាតិចិន ក្នុងការជួបជុំសមាជិកគ្រួសារ ព្រមទាំងជាការគូសរំលេចពីត្រៀម ទទួលអំណរបន្តដំណើរក្នុងស្មារតី ឆាប់សម្រេចបាននូវក្តីសង្ឃឹមនិងក្តីសុបិន ។ ចុងខែមករា ឆ្នាំ២០២៥នេះ ប្រជាជាតិចិននឹងទទួលអំណរឆ្នាំថ្មី ឆ្នាំម្ស៉ាញ់ ហើយតាមជំនឿរបស់ជនជាតិចិនយល់ថា «ឆ្នាំម្សាញ់ ឬ ឆ្នាំពស់ មានន័យថា បញ្ញាឆ្លាតវាងវៃ» ដែលនេះ ជាការបង្ហាញថា ឆ្នាំម៉្សាញ់នឹងផ្តល់ឫទ្ធានុភាពបន្ថែមទៀត ដល់ប្រាជ្ញាចិន ដែលតែងបានចូលរួមនៅក្នុងដំណោះស្រាយសកល។ ឆ្នាំម៉្សាញ់កាលពី១២ឆ្នាំមុន (ឆ្នាំ២០១៣) បានផ្តល់នូវប្រាជ្ញាចិនស្តីពី «កិច្ចកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ» ហើយអាយុ១២ឆ្នាំ ឬមួយវដ្តនៃឆ្នាំម៉្សាញ់នេះ បានផ្តល់ជាទឡ្ហីករណ៍បញ្ជាក់ថា ប្រាជ្ញាចិនគឺជាមាគ៌ាដ៏ត្រឹមត្រូវ តែមួយគត់នៅក្នុងការធានា ជូនដល់ពិភពលោកនូវសន្តិភាព ប្រកបដោយទំនុកចិត្ត ស្ថិរភាពប្រកបដោយទំនួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រោយវិបត្តិនៃជំងឺCovid-19 ទាំងសេដ្ឋកិច្ចចិន ទាំងសេដ្ឋកិច្ចសកលដែលអាចឆាប់បានវិលត្រឡប់មកវិញជាបណ្តើរៗ ពិតណាស់ដែលថាជាការទទួល អនុវត្តបន្ស៊ីជាមួយប្រាជ្ញាចិន។
«បុណ្យចូលឆ្នាំចិន» ឆ្នាំ២០២៥ ត្រូវបានពិភពលោក ទាំងមូល បាននិងកំពុងត្រៀមខ្លួនសាទរ និងចូលរួមជាមួយប្រជាជាតិចិន ក្នុងការទទួលអំណរដ៏មហាប្រសើរនេះ ដូចដែលត្រូវ បានអង្គការ UNESCO កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នាសម័យប្រជុំលើកទី១៩ នៃគណៈកម្មការអន្តររដ្ឋាភិបាល បានដាក់បញ្ជូលក្នុង «បញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ» ដែលនេះជាការបញ្ជាក់ឲ្យឃើញ នូវតម្លៃវប្បធម៌ ប្រពៃណី នៃការរួមគ្នាថែរក្សាមរតកមនុស្សជាតិ ជាក់ស្តែងតាមការស្ទង់មតិនៅជុំវិញពិភពលោក មានប្រទេសចំនួន២០បានអបអរសាទរ«បុណ្យចូលឆ្នាំចិន» ដោយកំណត់ជាថ្ងៃឈប់សម្រាកផ្លូវការ ហើយមានប្រជាជន១ភាគ៥នៅទូទាំងពិភពលោកបានអបអរសាទរ«បុណ្យចូលឆ្នាំចិន»។ ការទទួលស្គាល់ជាសកលនៃ «បុណ្យចូលឆ្នាំចិន» គឺជាប្រទីបបំភ្លឺផ្តល់រស្មីកាន់តែខ្លាំងក្លាបន្ថែមថា ប្រាជ្ញាចិនដែលរាប់បញ្ចូលនូវគំនិតផ្តួចផ្តើមទាំង៤របស់ចិន «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» «គំនិតផ្តួចផ្តើមសន្តិសុខសកល» «គំនិតផ្តួចផ្តើមអរិយធម៌សកល» ដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិន សុទ្ធសឹងជាគតិបណ្ឌិត ដែលមានលក្ខណៈសកលផ្តល់ជាកូនសោរគន្លឹះ ដល់ដំណោះស្រាយរួមរបស់មនុស្សជាតិប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
«បុណ្យចូលឆ្នាំចិន» ឆ្នាំ២០២៥ បានរំលេចបន្ថែមទៀត ពីសមិទ្ធផល នៃកំណែទម្រង់របស់ប្រទេសចិន កាលពីឆ្នាំ២០២៤ ស្របតាមមាគ៌ាទំនើបកម្ម សង្គមនិយមតាមបែបផែនចិន ដែលមិនត្រឹមជួយផ្តល់នូវវិបុលភាព នៃជីវភាពរស់នៅ ជូនដល់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងបានជួយដល់បណ្តាប្រទេស ជាច្រើនដែលក្នុងនោះបណ្តាប្រទេសសកលខាងត្បូង បានប្រយោជន៍ដោយផ្ទាល់ពីកិច្ចសហប្រតិបត្តិការជាមួយចិន។ ជាសច្ចភាព «បុណ្យចូលឆ្នាំចិន» ជាពិធីបុណ្យប្រពៃណីដ៏ជ្រាលជ្រៅ និងសម្បូរបែបបំផុតរបស់ប្រទេសចិនដែលបានបង្កប់នូវមនោសញ្ចេតនាគ្រួសារនិងជាតិដ៏ជ្រាលជ្រៅរបស់ប្រជាជនចិន ដោយឆ្លុះបញ្ចាំងពីតម្លៃដូចជាភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ និងការរួមរស់ដោយសន្តិភាពក្នុងចំណោមបុគ្គលម្នាក់ៗ ដែលនេះជាការប្តេជ្ញាចិត្ត របស់ប្រទេសចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនដោយមានលោក Xi Jinping ជាស្នូលបានដើរមុនគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ដោយប្រទេសចិនកាលពីឆ្នាំ២០២៤ កន្លងមក សេដ្ឋកិច្ចបៃតងចិន ដោយបានចំណាយពេល៥ឆ្នាំ ចុងក្រោយនេះ ធ្វើបរិវត្តកម្មភាពបៃតង និងកាបូនទាប នៃសេដ្ឋកិច្ចនិងសង្គម របស់ចិន ទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ ហើយឧស្សាហកម្ម ថាមពលបៃតង បានទទួលការអភិវឌ្ឍយ៉ាងផុលផុស ជាក់ស្តែងបរិមាណផលិត រថយន្តថាមពលស្អាត ក្នុងឆ្នាំ២០២៣បានឡើង ដល់៩៤៥៨០០០គ្រឿង ដែលកើនឡើង៦.៩ដងបើប្រៀបធៀបនឹងឆ្នាំ២០១៨ ហើយបរិមាណផលិត រថយន្តបានជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នា ដែលសមមាត្រមាន ចំនួនលើសពី៦០%នៅទូទាំងពិភពលោក ។
ជារួម «បុណ្យចូលឆ្នាំចិន» ដែលជាស្លាកសញ្ញាសម្គាល់រាប់ពាន់ឆ្នាំរបស់ប្រជាជាតិចិន និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងចំណងគ្រួសារ លើកកម្ពស់សុខដុមរមនាក្នុងសង្គម និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ហើយសម្រាប់ឆ្នាំ២០២៥នេះ វត្តមាន«បុណ្យចូលឆ្នាំចិន ឆ្នាំម៉្សាញ់» គឺជាសក្ខីភាពដែលមិនអាចប្រកែកបានពីការបន្តពង្រីកទំហំវិមាត្រនៃមិត្តភាព ពង្រឹងគុណភាព កល្យាណមិត្ត ពន្លាតស្មារតីផ្លូវសូត្ររាប់ពាន់ឆ្នាំ នៃអរិយធម៌សកលដែលបានផ្តួចផ្តើមនិងប្រតិបត្តិ ដោយប្រជាជាតិចិន ក្លាយជានិមិត្តសញ្ញាសកល ដែលផ្តល់ជាម្លប់សុខសន្តិភាព សន្តិសុខស្បៀង អរិយធម៌អេកូឡូស៊ី ការគោរពគ្នាទៅវិញទៅមក ការផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ នៃកិច្ចអភិវឌ្ឍសេដ្ឋកិច្ច ក្នុងរង្វង់ពហុភាគីនិយម ក្រោមទម្រនៃមូលដ្ឋានដ៏រឹងមាំ របស់កិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិក្នុងយុគសម័យថ្មី។
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន