ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ៖ ឡដុតសំណល់ឆ្លងរោគ នឹងជួយកាត់បន្ថយចម្លងរោគ សុវត្ថិភាពសុខភាពសាធារណៈ បរិស្ថាននៅកម្ពុជា

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា «ឡដុតសំណល់ឆ្លងរោគដែលជាជំនួយឥតសំណងរបស់ជប៉ុន នឹងចូលរួមជួយកាត់បន្ថយការចម្លងរោគសុវត្ថិភាពសុខភាពសាធារណៈ បរិស្ថាននៅកម្ពុជា ។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ នាឱកាសអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួល ឡដុតសំណល់ឆ្លងរោគ ចំនួន២៩ ក្រោមគម្រោងកែលម្អការគ្រប់គ្រងសំណល់ឆ្លងរោគនៅកម្ពុជា ជូនក្រសួងសុខាភិបាល ដែលជាអំណោយរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនួយនេះជាអំណោយដ៏វិសាលភាពធំធេង ដែលនឹងចូលរួមជួយកាត់បន្ថយការចម្លងរោគក្នុងមន្ទីរពេទ្យ ធ្វើឱ្យប្រសិទ្ធភាពនៃការព្យាបាលមានការកើនឡើង កាត់បន្ថយនូវមេរោគស៊ាំថ្នាំ កាត់បន្ថយរយៈពេលស្នាក់នៅរបស់អ្នកជំងឺក្នុងមន្ទីរពេទ្យ ព្រមទាំងបានសង្កត់ធ្ងន់ថា គម្រោងនេះបង្ហាញពីការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្រ្តីបញ្ជាក់ពីសារសំខាន់ នៃឡនេះថា ឡដុតសំណល់ឆ្លងរោគទំនើបទាំង២៩ ដែលជាជំនួយឥតសំណងនេះ បានបំពាក់នូវបច្ចេកវិទ្យាទំនើប របស់ជប៉ុន ដែលមានសមត្ថភាពធ្វើប្រព្រឹត្តកម្មសំណល់រហូតដល់ ១៤៥២គីឡូក្រាម ក្នុង១ថ្ងៃ នៅតាមមន្ទីរពេទ្យក្នុង ខេត្តគោលដៅចំនួន១០ រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពងចាម កំពត កណ្តាល ក្រចេះ ព្រៃវែង សៀមរាប និងខេត្តស្វាយរៀង ។ ឡដុតនេះ មានប្រសិទ្ធភាពប្រព្រឹត្តកម្ម លើសំណល់ឆ្លងរោគ , សំណល់សរីរាង្គកាយ , សំណល់វត្ថុមុតស្រួច និងសំណល់ឱសថ (បរិមាណតិចតួច)។

សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាល ទទួលបន្ទុកផ្នែកសំណល់ឆ្លងរោគ ត្រូវថែទាំ ឡតាមគោលការណ៍ណែនាំឱ្យបានត្រឹមត្រូវ ខិតខំអនុវត្តការងារតាមនីតិវិធីប្រព្រឹត្តកម្មសំណល់ឆ្លងរោគ ដើម្បីធានាបាននូវការប្រើប្រាស់ឡដុត ក្នុងរយៈពេលយូរប្រកបដោយសុវត្ថិភាពចំពោះបរិស្ថាន និងត្រូវសហការគាំទ្រមណ្ឌលសុខភាពធ្វើប្រព្រឹត្តកម្មសំណល់ឆ្លងរោគ ដើម្បីធានាសុវត្ថិភាព។

ស្ថិតក្នុងបរិយាកាសដ៏ឱឡារិកនេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងសេចក្តីសោមនស្សរីករាយ ចំពោះការរួមចំណែកដ៏ធំធេងរបស់រដ្ឋាភិបាលជប៉ុន ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលអំណោយដ៏ថ្លៃថ្លានេះ មានសារៈសំខាន់ ស្របទៅនឹងតម្រូវការចាំបាច់របស់វិស័យសុខាភិបាល ក្នុងការពង្រឹងមូលដ្ឋានសុខាភិបាល និងធ្វើឱ្យប្រសើរឡើង នូវស្ថេរភាពបរិស្ថានក្នុងមន្ទីរពេទ្យ៕

To Top