ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ស្នើសាកលវិទ្យាល័យ ណាហ្គោយ៉ាជប៉ុន បង្កើនការបណ្តុះបណ្តាលនិស្សិតខ្មែរ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើបង្កើនកិច្ចសហប្រតិបត្តិ ក្នុងការបណ្តុះបណ្តាលនិស្សិតខ្មែរ ជាពិសេសវគ្គបណ្តុះបណ្តាលថ្នាក់បណ្ឌិត (PHD) នៅសាកលវិទ្យាល័យណាហ្គោយ៉ា ប្រទេសជប៉ុន ។

ការស្នើរបស់លោករដ្ឋមន្រ្តី នាឱកាសទទួលជួបពិភាក្សាការងារ ជាមួយលោកស្រីសាស្រ្តាចារ្យ Yamamoto Eiko នៃសាកលវិទ្យាល័យណាហ្គោយ៉ា ប្រទេសជប៉ុន ទទួលបន្ទុកកម្មវិធី Young Leaders’ Program (YLP) នៃសាកលវិទ្យាល័យណាហ្គោយ៉ា នាថ្ងៃ២២ មករា ។

គោលបំណងនៃជំនួបនេះ ដើម្បីជម្រាបសាស្ត្រាចារ្យរដ្ឋមន្ត្រី អំពីលទ្ធផលនៃកម្មវិធី Young Leaders’ Program តាំងពីបង្កើតមកមានរយៈពេល ២២ឆ្នាំហើយ បានបណ្តុះបណ្តាល និស្សិតកម្ពុជា ដែលជាមន្ត្រីរាជការចំនួន ២៥រូប ក្នុងនោះវិស័យសុខាភិបាល មានចំនួនច្រើនជាងគេ និងស្នើសុំអនុសាសន៍ណែនាំលើ ការងារនេះជាបន្ត។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា វឌ្ឍនភាពវិស័យសុខាភិបាល ដោយសារមានកិច្ចខិតខំប្រឹងប្រែង និង គាំទ្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ។ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ លោកស្រីសាស្រ្តាចារ្យ និងសាកលវិទ្យាល័យដែលបានជួយគាំទ្រ និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា ជាពិសេសមន្ត្រីក្រសួងសុខាភិបាល និងបានលើកជាសំណូមពរ សម្រាប់កម្មវិធីនាពេលអនាគតពិចារណា ក្នុងការបង្កើនចំនួននិស្សិតដែលត្រូវបណ្តុះបណ្តាល ជាពិសេសវគ្គបណ្តុះបណ្តាល បណ្ឌិត (PHD) ដើម្បីពង្រាយ មន្ត្រីដែលបានសិក្សាផ្នែកសុខភាពសាធារណៈ ព្រមទាំងបានទទួលវប្បធម៌ ដ៏ល្អរបស់ជនជាតិជប៉ុន ទៅកាន់មន្ទីរពេទ្យទូទាំង ប្រទេសកម្ពុជា ។

ចំណែក លោកស្រីសាស្រ្តាចារ្យវិញ បានថ្លែងអំណរគុណសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានលើកទឹកចិត្តសាកលវិទ្យាល័យ និងកោតសរសើរវប្បធម៌របស់ជប៉ុន ។ ជាមួយគ្នានេះ លោកស្រីសាស្រ្តាចារ្យ ក៏បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមតាមរយៈកម្មវិធី Young Leaders’ Program តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សាស្ត្រាចារ្យរដ្ឋមន្ត្រី៕

To Top