ព័ត៌មានជាតិ

ពលរដ្ឋនៅ ខេត្តព្រះវិហារ បានអំពាវនាវ​ ឲ្យមន្ត្រីមានសមត្ថកិច្ច និងអាជ្ញាធរខេត្តជួយចាត់វិធានការ ចំពោះជនខិលខូចមួយចំ គៀបសង្កត់ពួកគាត់ រកឈើបង្គោល របងលក់ដែលសល់ពីភ្លើងឆេះព្រៃ!

ខេត្តព្រះវិហារ ៖ ពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាប្រជាកសិករ បានត្អូញត្អែរ រៀបរាប់ឱ្យដឹងថា  នាពេលបច្ចុប្បន្ននេះ បន្ទាប់ពីរដូវធ្វើស្រែចំការ ត្រូវបានបញ្ចប់ ពួកគាត់ក៏បាននាំគ្នាដើរ រកអាឈើក្រាក់ដែលសេសសល់ ពីភ្លើងឆេះ ហើយដួលរលំនៅក្នុងព្រៃ ក៏ដូចជានៅតាមដីស្រែចម្ការ របស់គេ ដើម្បីយកមកលក់សម្រាប់ដោះស្រាយជីវភាពគ្រួសារ របស់ពួកគាត់នោះ គឺមានផលវិបាកខ្លាំងណាស់ ដោយសារតែមានបុគ្គលមួយចំនួន ដែលអះអាងថា ខ្លួនជាអ្នកធ្វើការខាងនេះខាងនោះ មកគោះទារលុយទារកាក់ ពីពួកគាត់ នៅពេលដែលពួកគាត់ដឹកឈើក្រាក់ បង្គោលរបងតាមផ្លូវជាតិម្ដងៗនោះ ។

ពលរដ្ឋដែលជាអ្នករកឈើក្រាក់ ដើម្បីលក់យកប្រាក់កម្រៃចិញ្ចឹមជីវភាពគ្រួសារ បានបន្តឲ្យដឹងទៀតថា ចំពោះអ្នកដែលដើរមកទារលុយពីពួកគាត់នោះ បានអះអាងថា ខ្លួននៅផ្នែកខាងនេះ ផ្នែកខាងនោះ ហើយនៅពេលដែលពួកគាត់ សុំមើលកាកក៏ដូចជា លិខិតបេសកកម្ម អ្នកដែលបានមកទារលុយ របស់ពួកគាត់ទាំងនោះ គឺមិនឃើញបង្ហាញអត្តសញ្ញាណ ឲ្យពួកគាត់បានឃើញនោះឡើយ ។
ហើយម្យ៉ាងវិញទៀត ក៏មានអ្នកព័ត៌មានមួយចំនួនតូច មកគោះ.មកគាបសង្កត់ដើម្បីទារលុយពីពួកគាត់នោះផងដែរ ក៏ប៉ុន្តែបើពួកគាត់គ្មានលុយឲ្យគេនោះទេ ត្រូវបានគេគំរាមកំហែង ដោយប្រើពាក្យមិនសមរម្យមកលើពួកគាត់ថែមទៀតផង។

ពលរដ្ឋដែលជាអ្នកដើរ រកអាឈើអុសក្រាក់លក់ដើម្បីបានប្រាក់ចិញ្ចឹមជីវភាពក្រុមគ្រួសារនោះ បានបញ្ជាក់បន្ថែមទៀតថា ឈើអុសក្រាក់មួយដើម ដែលពួកគាត់រកបាន គឺគាត់លក់ក្នុងមួយដើម តម្លៃបានតែ4000 រៀលទៅ 5000 រៀលតែប៉ុណ្ណោះទេ ។ ហើយឈើ ដែលពួកគាត់រកនោះ ក៏មិនមានខុសទៅហ្នឹង លក្ខខណ្ឌនៃច្បាប់រដ្ឋបាលព្រៃឈើនោះដែរ ព្រោះជាអនុផលព្រៃឈើ ដែលសេសសល់ពី ភ្លើងព្រៃឆេះ ហើយបើទុកចោលក៏ត្រូវភ្លើងឆេះអស់ដដែលនិង ។ ដូច្នេះពួកគាត់ត្រូវតែខំនាំគ្នា រកប្រាក់ដើម្បីបានបង់ធនាគារខ្លះ និង សម្រាប់ទុកផ្គត់ផ្គង់ ជីវភាពក្រុមគ្រួសារខ្លះ ដោយសារតែដំណាំផ្សេងៗដែលពួកគាត់បានអាស្រ័យផលគឺមានការធ្លាក់ថ្លៃចុះដូចជាដំឡូងមុី និង ស្រូវនោះផងដែរ ។

ពលរដ្ឋដែលរស់នៅក្នុងភូមិ.ឃុំ.ស្រុក.ខេត្តខាងលើ សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីមានសមត្ថកិច្ចអាជ្ញាធរ ក្នុងខេត្តគោរពលំដាប់ថ្នាក់ ទាំងអស់ មេត្តាចុះជួយពិនិត្យមើលទៅលើក្រុមអ្នកសារព័ត៌មានមួយចំនួនតូច ក៏ដូចជា តាមជួយពិនិត្យមើលមន្ត្រី ខិលខូចមួយចំនួនឲ្យគាត់ផង ។ បើមិនដូច្នោះទេ ជីវភាពរស់នៅរបស់ពួកគាត់និងប្រឈមមុខ ជាមួយភាពខ្វះខាតជាក់ជាមិនខានឡើយ។

លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្តបានប្រាប់ឲ្យ អ្នកយកព័ត៌មានយើងដឹងនៅថ្ងៃទី 23 ខែមករាឆ្នាំ 2025 នេះថា ទាក់ទងទៅនឹងបញ្ហានេះ ក្នុងនាមលោកជាអភិបាលស្រុក លោកនឹងមានវិធានការ ជួយដល់ប្រជាពលរដ្ឋយើង និងលុបបំបាត់បាតុភាព អាសកម្មនានា ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច របស់ប្រជាពលរដ្ឋស្លូតត្រង់របស់យើង ៕

To Top