កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២៣ ខែមករាឆ្នាំ ២០២៥ នេះ ក្នុងពិធីបើកសន្និបាត បូកសរុបការងារ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យគណៈគ្រប់គ្រងសាលា យកចិត្តទុកដាក់ខ្ពស់លើសុខភាពរបស់សិស្ស ។
លោកអភិបាលខេត្តបានណែនាំឲ្យគណៈគ្រប់គ្រងសាលា យកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាព ចំណីអាហារ នៅតាមសាលារៀន ក្នុងនោះត្រូវបន្តពង្រឹង និងចុះត្រួតពិនិត្យឱ្យបានជាប់ ជាប្រជាំការលក់ដូរ ចំណីអាហារដែលប៉ះពាល់សុខភាពសិស្សានុសិស្សមានដូចជា ភេសជ្ជៈផ្អែម អាហារប្រៃ ជាដើម នៅតាមសាលារៀន និងជុំវិញបរិវេណសាលា ដែលទាំងនេះគឺសំដៅចូលរួមបង្ការជំងឺមិនឆ្លង និងលើកកម្ពស់សុខភាពយុវជន ដែលជាទំពាំងស្នងឬស្សី។
លោក អ៊ុន ចាន់ដា ក៏បានយកឱកាសនោះ ផ្ដល់អនុសាសន៍ដល់អង្គសន្និបាតថា ដើម្បីអនុវត្តតាមទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវចូលរួមអនុវត្តនូវកិច្ចការចាំបាច់មួយចំនួនមានជាអាទិ៍៖
ទី១ ៖ ត្រូវយកចិត្តទុកដាក់វត្តមានសិស្សានុសិស្ស ក្នុងម៉ោងសិក្សា ដោយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូបន្ទុកថ្នាក់ ត្រូវមានទំនាក់ទំនង និងមាតាអាណាព្យាបាល សិស្ស ដែលជាដើមចមនៃការបង្ករការបង្កើតបក្សពួក បងតូច បងធំ ដែលចេញពីសាលារបស់ខ្លួន ហើយត្រូវកំណត់មុខ សញ្ញាសិស្សានុសិស្សគេចវេះម៉ោង សិក្សាទៅប្រមូលផ្តុំ ប្រើប្រាស់បារីអេឡិចត្រូនិច ហ្គេមនៅតាមតូបកាហ្វេ នៅតាមម៉ាត ជាដើម និងត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងសាលា ត្រូវបន្តអប់រំផ្សព្វផ្សាយដល់ ឪពុក ម្តាយ អាណាព្យាបាល ឱ្យបន្តខិតខំអប់រំទូន្មាន ប្រដៅកូនចៅ ព្រោះថាកិច្ចការងារនេះត្រូវអប់រំទាំងនៅសាលារៀន និងនៅផ្ទះ។
ទី២ ៖ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូត្រូវបង្កើនការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្សឱ្យបានជាប់ជាប្រចាំ និងត្រូវបន្តសហការជាមួយអាជ្ញាធមូលដ្ឋាន ក្នុងការផ្សព្វផ្សាយគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជូនដល់ស្រទាប់សិស្សានុសិស្សមានលក្ខណៈបុរេសកម្ម និងគ្រប់សាលារៀនទាំងរដ្ឋ និងឯកជន។
ទី៣ ៖ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូត្រូវបង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្សឱ្យបានជាប់ជាប្រចាំ តាមរយៈមិត្តអប់រំមិត្ដ ក្រុមប្រឹក្សាកុមារ គ្រូបន្ទប់ថ្នាក់ និងគណៈគ្រប់គ្រងសាលា ដោយត្រូវបញ្ជួនសារខ្លីៗ ដល់សិស្សានុសិស្ស អាណាព្យបាល ដែលមករង់ចាំសិស្សានុសិស្ស មុនពេលចាកចេញពីសាលារៀន រួមមាន៖ ត្រូវពាក់មួកសុវត្ថិភាព កុំបើកបរលឿនក្នុងទីក្រុង ទីប្រជុំជន ត្រូវគោរពស្លាកសញ្ញាចរាចរណ៍ ជិះប្រកាន់ស្តាំ និងគោរពសិទ្ធអាទិភាពក្នុងពេលបើកបរ។ល។ ៕