ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនដំណឹងដល់សាធារណជន ជាពិសេសពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ទាំងអស់ ឱ្យបានជ្រាបថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលថៃ បានប្រកាសអំពីស្ថានភាព គុណភាពខ្យល់បានធ្លាក់ចុះ ជាពិសេសកំហាប់ភាគល្អិតនិចល PM 2.5 មានការកើនឡើង លើសកំណត់ស្តង់ដា ជាហានិយភ័យបង្កផលប៉ះពាល់ ចំពោះសុខភាពប្រជាពលរដ្ឋថៃ ដោយសាលារៀន នៅក្រោមរដ្ឋបាលក្រុងបាងកក ចំនួន ១០៣កន្លែង បានបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះតទៅ និងបានអំពាវនាវ ឱ្យប្រជាពលរដ្ឋទូទាំងប្រទេសថៃ ធ្វើការពីផ្ទះ ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងយកចិត្តទុកដាក់ តាមដានស្ថានការណ៍វិវត្តន៍ នៃស្ថានភាពគុណភាពខ្យល់នេះ ដោយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ និងទីភ្នាក់ងារជ្រើសរើស ឯកជនទាំងអស់ ដើម្បីធានាថា ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងតំបន់មានផលប៉ះពាល់ ទទួលបានការយកចិត្តទុកដាក់ និងមានសុវត្ថិភាព ។
ក្រសួងសូមអំពាវនាវ ដល់ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅទីក្រុងបាងកក និងបណ្តាខេត្ត សូមបង្កើនការប្រុងប្រយ័ត្ន ខ្ពស់ចំពោះសុខភាព និងសុវត្ថិភាពរបស់ខ្លួន និងបន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំ របស់និយោជក ជាពិសេសអាជ្ញាធរថៃ ។
ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីពលករខ្មែរ ដែលរងផលប៉ះពាល់ សូមទំនាក់ទំនង អនុព័ន្ធការងារ (Facebook Page: https://www.faccbook.com/la.in.thailand ឬទូរសព្ទលេខ +៦៦ ៩៤ ០៩២ ៥៩០៥ ឬ +៦៦ ៩៤ ៤១៦ ៥៥១៨) ឬស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ (ទូរសព្ទលេខ +៦៦ ៩២ ៨០៥០ ៥៦១) ឬ ទំនាក់ទំនងមកកាន់ក្រសួងផ្ទាល់ (ប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ១២៩៧ ឬទូរសព្ទលេខ +៨៥៥ ៩៧ ៩២០ ២០២៣ ឬក្រុមតេលេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍” (https:/t.me/KhmerMigrantWorker) ដែល អាចភ្ជាប់តាមរយៈការស្កេន QR Code ខាងក្រោម)។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេសពលករខ្មែរដែលកំពុងស្នាក់នៅ និង ធ្វើការនៅប្រទេសថៃ ជ្រាបជាព័ត៌មាន៕