ភ្នំពេញ៖ ដោយមានការយកចិត្តទុក្ខដាក់គិតគូ និងជួយសម្រួលដល់ការលំបាកផង សម្រាប់ការធ្វើបុណ្យសព និងអ្នករងរបួសផងនោះជនរងគ្រោះដែលស្លាប់និងរបួស ក្នុងព្រឹត្តិការណ៍ប្រជ្រៀតគ្នាទទួលអំណោយ នៅមុខភូមិគ្រឹះអ្នកឧកញ៉ាសុខ គង់ ទទួលបានថវិកាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា សុខ គង់ ដោយក្នុងសពម្នាក់ ទទួលបានសរុបចំនួន១៥លានរៀល និងអ្នករងរបួសទទួលបានម្នាក់ចំនួន៤លានរៀល។
ថវិកាដែលជាអំណោយរបស់លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញអមដំណើរដោយលោក ជា ខេមរា អភិបាលខណ្ឌដូនពេញ និងលោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយទៅប្រគល់ជូន ដល់ដៃញាតិសណ្តានរបស់ជនរងគ្រោះ នៅមន្ទីរពេទ្យអង្គឌួង និងមន្ទីរពេទ្យកាម៉ែត នាវេលាថ្ងៃត្រង់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។
បើតាមលោកសុខ ពេញវុធ បានឲ្យដឹងថា លោកឃួង ស្រេង បានចាត់ឱ្យនាំយកអំណោយ ជាថវិកាមកប្រគល់ជូនគ្រួសារជនរងគ្រោះ ដោយសពរងគ្រោះម្នាក់ទទួលបានថវិកា ចំនួន៥លានរៀល និង២លានរៀល សម្រាប់ជនរងគ្រោះដែលរងរបួស នៅក្នុងព្រឹត្តិការណ៍នេះ។ ជាមួយគ្នានោះដែរ អ្នកឧកញ៉ាសុខ គង់ ក៏បានផ្ដល់ជាអំណោយ ចំនួន១០លានរៀល សម្រាប់សពម្នាក់ និង ២លានរៀល សម្រាប់ជនរងគ្រោះ ដែលរងរបួសនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។
ដោយឡែកសម្រាប់ការដឹកជញ្ជូនសព ទៅស្រុកកំណើតនិងក្ដារមឈូស ត្រូវបានលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ជាអ្នកធានារ៉ាប់រង។
សូមរំលឹកថា ក្នុងហេតុការណ៍ខាងលើនេះ បានបណ្តាលឱ្យមនុស្សស្លាប់៤នាក់ និងរបួស៥នាក់ ។ ចំពោះអ្នកស្លាប់ទី១ ឈ្មោះ ម៉ាន់ ស៊ីយ៉ាន ភេទប្រុស អាយុ ៧១ឆ្នាំ ស្នាក់នៅភូមិដើមចន្ទ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី២ ឈ្មោះ គង់ វ៉ាន់ថា ភេទស្រី អាយុ៦៧ឆ្នាំ ស្នាក់នៅភូមិកំរៀង ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ទី៣ យស់ សារឿន ភេទ ស្រី អាយុ៦៥ មុខរបរលក់ការ៉េម ស្នាក់នៅត្រឡោកបែក និងមានស្រុកកំណើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ទី៤ មិនទាន់មានបងប្អូននិងញ្ញាតិសណ្តាន។
ចំណែកអ្នកដែលរងរបួស ០៥នាក់ ទី១ ឈ្មោះ នូ ស៊ីណា ភេទស្រី អាយុ៣៥ឆ្នាំ មកពី ឃុំអរីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។ទី២ ឈ្មោះ ស៊ូ សាលី ភេទប្រុស អាយុ១៥ឆ្នាំ មកពីខណ្ឌឬស្សីកែវ ។ ទី៣ឈ្មោះ កែវ ភឿក ភេទប្រុស អាយុ ៦៥ឆ្នាំ មកពី ខណ្ឌឬស្សីកែវ។ទី៤ ឈ្មោះ ឡោ សាំ ភេទ ស្រីអាយុ៧៣ឆ្នាំ ស្នាក់នៅ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។ទី៥ ឈ្មោះយិត តុន ភេទប្រុសអាយុ ៧៥ឆ្នាំ មានស្រុកកំណើតនៅស្រុស្វាយអន្ទរខេត្តព្រៃវែង។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ មករា នេះ មានហេតុការណ៍ភ្ញាក់ផ្អើលនៅពេលប្រជាពលរដ្ឋជាច្រើន បាននាំគ្នាប្រជ្រៀតចូលទៅទទួលអំណោយ នៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ នៅបណ្ដោយមហាវិថីព្រះនរត្ដម ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ បណ្ដាលឲ្យមានអ្នកដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានកម្លាំងអាជ្ញាធរចុះសម្របសម្រួល និងបញ្ជូនរថយន្ដសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យ។ ក្នុងនោះជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រះអង្គឌួងចំនួន៤នាក់ ស្លាប់២នាក់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ៥នាក់ស្លាប់២នាក់៕