ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលិទ្ធភាពលើការ សាងសង់ស្ថានីយរថភ្លើងអន្តរជាតិថ្មី នៅស្ទឹងបត់ ជំនួសឱ្យស្ថានីយប៉ោយប៉ែត និងពិនិត្យបន្ថែមទៅលើតំបន់មួយចំនួន ដូចជានៅខេត្តពោធិ៍សាត់ ដែលត្រូវការបន្ថែមតភ្ជាប់ពីតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេស ជាមួយនឹងប្រព័ន្ធផ្លូវដែក ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង អភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនៅតាមតំបន់សំខាន់ៗ លើការដឹកជញ្ជូនទំនិញ ពីតំបន់មួយទៅកាន់តំបន់មួយ ។
ជាមួយគ្នានេះ សម្តេចធិបតី ឱ្យក្រសួងសាធារណការ ពិនិត្យបន្ថែមទៀត លើការសហការជាមួយភាគីថៃ ដើម្បីជំរុញការអភិវឌ្ឍកិច្ចព្រមព្រៀងទ្វេភាគី កម្ពុជា-ថៃ ឆ្នាំ២០១៩ ស្តីពីការធ្វើចរាចរណ៍ ផ្លូវដែករួមគ្នា និងការសិក្សាពិនិត្យលទ្ធភាពលើការសាងសង់ស្ថានីយរថភ្លើងអន្តរជាតិថ្មី នៅស្ទឹងបត់ ជំនួសឱ្យស្ថានីយប៉ោយប៉ែត ។
សម្តេចធិបតី មានប្រសាសន៍ថា “ហើយកិច្ចការងារនេះ អាចពិនិត្យបន្ថែមទៀត ទៅលើតំបន់មួយចំនួន ដូចជានៅខេត្តពោធិ៍សាត់ ដែលយើងត្រូវការ បន្ថែមតភ្ជាប់ ពីតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេស ជាមួយនឹងប្រព័ន្ធផ្លូវដែក របស់យើង ហើយចំពោះការរៀបចំ តំបន់សេដ្ឋកិច្ចពិសេសមួយ ចំនួននៅខាងមុខ ដែលត្រូវការវិនិយោគបន្ថែម លើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នោះ គឺការតភ្ជាប់ផ្លូវដែក ផ្លូវខ្នល់នេះ គឺជាកិច្ចការសំខាន់មួយ” ។
ក្នុងនោះដែល សម្តេចធិបតី នាយករដ្ឋមន្ត្រី ឱ្យក្រសួងសហការពិនិត្យមើលជាមួយនឹងខាង CDC ក៏ដូចជាខាងរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីសិក្សាមើលមួយជំហាន នៅគគរ ដែលគ្រោងរៀបចំតំបន់សេដ្ឋកិច្ចពិសេសមួយ ដែលជៀសមិនផុតពីការដឹកជញ្ជូនទៅខេត្តព្រះសីហនុ ឬមួយទៅច្រកប៉ោងប៉ែត ដូច្នេះការដឹកជញ្ជូនត្រូវមានពហុមធ្យោបាយ អន្តរមធ្យោបាយ ។
សម្តេចធិបតី មានប្រសាសន៍បន្ថែមថា “ផ្លូវយើងធ្វើហើយ ប៉ុន្តែផ្លូវដែកនេះ ជាពិសេសសម្រាប់ដឹកជញ្ជូនទំនិញច្រើន ដូចនៅពោធិ៍សាត់ ដឹករថយន្ត មានរថយន្តFord រថយន្តអី ទៅថ្ងៃមុខទៀត យើងមានលទ្ធភាព ក្នុងការដឹកតំនិញផ្សេងទៀត សម្រាប់ចេញទៅក្រៅ ចឹងការតភ្ជាប់នេះ សំខាន់ណាស់ ហើយតួនាទីរបស់ផ្លូវដែកក៏កាន់តែសំខាន់ ចឹងយើងគិតគូ ដើម្បីរៀបចំ ហើយវាមិនឆ្ងាយប៉ុន្មានទេ ខ្ញុំមើលដូចប្រហែលមិនដល់១០គីឡូនៅក្នុងការគិតគូ”។
សូមបញ្ជាក់ថា ច្រកស្ទឹងបត់ ឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ ដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយសម្រួលការដឹកទំនិញឆ្លងកាត់រវាងកម្ពុជា និងថៃ និងជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែត នាពេលបច្ចុប្បន្ន៕