ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជា មិនមានតម្រូវការវិនិយោគ សាងសង់រថភ្លើងល្បឿនលឿន ដោយចំណាយថវិការាប់ពាន់លានដុល្លារនោះទេ គ្រាន់តែកែសម្រួលអ្វីមានស្រាប់ ធ្វើឱ្យប្រសើឡើង។
នាឱកាសអញ្ជើញជាអធិបតីបិទ សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ប៉ុន្ដែអ្វីទាំងនេះ ខ្ញុំគិតថា ជាកិច្ចការដែលយើង មិនចាំបាច់ ទៅដល់រាប់លាន វិនិយោគទៅលើរទះភ្លើងល្បឿនលឿននោះទេ អ្វីដែរយើងមានស្រាប់ អារទះភ្លើងយើងមានរាល់ ថ្ងៃអាចធ្វើទំនើបកម្ម អាចថា ធ្វើឱ្យប្រសើឡើង»
នាឱកាសនោះដែរ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានបង្ហាញក្ដីបារម្ភពីគ្រោះថ្នាក់នៅតំបន់ផ្លូវដែក ក្នុងន័យនេះ សម្ដេច បានណែនាំឱ្យពង្រឹងសុវត្ថិភាពតាមផ្លូវដែកផងដែរ។
សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា មានប្រសាសន៍ថា «សូមយកចិត្តទុកដាក់កត្តាសុវត្ថិភាព (សុវត្ថិភាពតាមផ្លូវដែក) ប៉ុន្ដែនេះជាស្ថានភាពជាក់ស្ដែង ដោយសារចរាចរណ៍យើងកាន់តែច្រើន ហើយផ្លូវកាត់ភូមិ កាត់ស្រុក កាន់តែច្រើន។ ប៉ុន្ដែក្រសួង បានសិក្សាជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយយើងបានដាក់ផែនការមួយចំនួន»៕