ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ ទៅអគ្គស្នងការនគរបាលចរាចរណ៍ផ្លូវគោក ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងការអនុវត្តការ ត្រួតពិនិត្យជាតិស្រវឹង លើអ្នកបើកបរឱ្យបានខ្លាំងក្លាឡើងវិញ ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ជាកម្រិតអតិបរមា ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យបន្តក្រសួង សាធារណការ និងដឹកជញ្ជូន ពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ជាពិសេសជាមួយអគ្គស្នងការនគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាព ចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ហើយបន្តជម្រុញប្រើប្រាស់ កម្មវិធីដកពិន្ទុបណ័្ណបើកបរ ឬផាក់ពិន័យបទល្មើសចរាចរណ៍លើទូរសព្ទដៃ ដែលបានដាក់ឱ្យអនុវត្តកន្លងមក ដើម្បីបង្កើនការចូលរួម ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឈានទៅដល់បន្ថយអត្រាគ្រោះថ្នាក់នៃចរាចរណ៍ នូវកម្រិតអតិបរមា ។
ក្នុងនោះសម្តេចធិបតី ក៏បានថ្លែងអំណរគុណ ចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំអនុវត្តទប់ស្កាត់ ឈានដល់ការថយចុះនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ នាពេលកន្លងទៅ តែទោះជាបែបនេះក្តី នាពេលថ្មីៗប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហាក់ងើបឡើងវិញ។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាស៍ថា “ខ្ញុំសូមអរគុណកន្លងទៅ ដែលបានខិតខំយកចិត្តទុកដាក់ ត្រួតពិនិត្យទៅលើការបើកបរ ស្រវឹងបានក្រាបបន្តិច ប៉ុន្មានថ្ងៃនេះ ប៉ុន្មានអាទិត្យនេះ ចាប់ផ្តើមឃើញឡើងវិញ សូមពិនិត្យមើល ការត្រួតពិនិត្យជាតិស្រវឹងឡើងវិញ ហើយជាពិសេសក្នុងពេលប៉ុន្មានថ្ងៃនេះ ចូលឆ្នាំ គេថាចូលឆ្នាំចិន ស្រវឹងខ្មែរ ជាពិសេសនៅក្នុងការ ប្រើប្រាស់នៅពេលយប់” ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកឡើងជុំវិញ ការបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងថ្មីៗនេះ នៅផ្លូវ៦០ម៉ែត្រ ដែលសម្តេច បានឱ្យលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ យកចិត្តទុកដាក់ និងរិះរកមធ្យោបាយទប់ស្កាត់ និងឱ្យពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ខណៈអាជ្ញាធរត្រូវពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតែម្តង ។
ជាមួយគ្នានេះ សម្តេចធិបតី មានប្រសាសន៍ថា “ប៉ុន្តែទោះជាយ៉ាងណា ការកាត់បន្ថយ នៅក្នុងការគ្រោះថ្នាក់នេះ ដោយភាពស្រវឹង ក៏មានការថយចុះ ប៉ុន្តែអត្រា នៃការគ្រោះថ្នាក់ចរាចរណ៍ នៅច្រើននៅឡើយ ហើយនៅកម្ពុជាយើង ក្រោយពីចប់សង្គ្រាម គឹអត្រាដែលមូលហេតុ ដែលសម្លាប់មនុស្ស ច្រើនជាងគេ ធ្វើឱ្យបាត់បង់ជីវិតមនុស្សច្រើន ជាងគេគឺគ្រោះថ្នាក់ចរាចរណ៍”៕