ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគិតគូរយន្តការពង្រឹង ការអនុវត្តឲ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់ការ ដឹកជញ្ជូនលើសទម្ងន់

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន គិតគូរនូវយន្តការពង្រឹង ការអនុវត្តឲ្យបានច្បាស់លាស់ ដើម្បីបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រង ត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់។

ការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥។

នាឱកាសនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រសួងសាធារណការ ក៏ត្រូវគិតគូរលើការបញ្ជ្រាប ការយល់ដឹង ទៅដល់ប្រជាពលរដ្ឋអំពី សារប្រយោជន៍ នៃសេវាប្រើប្រាស់បណ្តាញលូ និងការតភ្ជាប់ទៅនឹងប្រព័ន្ធលូសាធារណៈ និងត្រូវបន្តបង្កើន កិច្ចសហការជាមួយក្រសួង -ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាព និង និរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់ ដែលបានដាក់ឲ្យ ប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

សម្តេចបវរធិបតី មានប្រសាសន៍ថា «ក្រសួង ត្រូវបន្តពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ, ជាពិសេស ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក់ឲ្យបានម៉ឹងម៉ាត់»។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងឱ្យជំរុញប្រើប្រាស់កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរស័ព្ទដៃ ដែលជាបច្ចេកវិទ្យាបានដាក់ឲ្យអនុវត្តកន្លងមករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនការចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតអប្បបរមា។

សម្ដេចបវរធិបតី គូសបញ្ជាក់ថា «ចំពោះការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សូមក្រសួងគិតគូរ នូវយន្តការពង្រឹងការអនុវត្ត ឲ្យបានច្បាស់លាស់ ដើម្បីបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រង ត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ឲ្យបានជាអតិបរមា សំដៅ ធានានូវការថែទាំ និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានបានយូរអង្វែង»៕

To Top