ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍ គាំទ្រសាលាសណ្ឋាគារ និងទេសចរណ៍ Paul Dubrule ចំពោះការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គាំទ្រចំពោះការបណ្តុះបណ្តាល និងសហប្រតិបត្តិបន្ត របស់សណ្ឋាគារ និងទេសចរណ៍ Paul Dubrule ជាមួយនឹងក្រសួងទេសចរណ៍ ។

ការបង្ហាញការគាំទ្ររបស់លោករដ្ឋមន្ត្រី ធ្វេីឡេីងក្នុងឱកាសអនុញ្ញាត ឱ្យលោកFrançois SCHNOBELEN នាយកសាលាសណ្ឋាគារ និងទេសចរណ៍ Paul Dubrule និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីរាយការណ៍សកម្មភាពសាលានាពេលកន្លងមក និងទិសដៅការងារឆ្នាំ២០២៥ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍កម្ពុជា។

ជាលទ្ធផលនៃកិច្ចជំនួបដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់សាលា ព្រមទាំងលើកទឹកចិត្ត និងគាំទ្រចំពោះការបណ្តុះបណ្តាល និងសហប្រតិបត្តិបន្តរបស់សាលាជាមួយនឹងក្រសួងទេសចរណ៍ ព្រមទាំងជម្រុញឱ្យមានការបណ្ដុះបណ្ដាល សម្រាប់សិស្សនិស្សិតពីតំបន់អាស៊ានផងដែរ៕

To Top