ព័ត៌មានជាតិ

មនុស្សម្នាក់ស្លាប់ និង៧នាក់ទៀតរងរបួស ដោយសារថយន្តបុករថយន្ត នៅស្រុកសំរោងទង

កំពង់ស្ពឺ៖ មនុស្សម្នាក់បានស្លាប់ នៅនឹងកន្លែងកើតហេតុចំណែក ៧នាក់ទៀតបានរងរបួសបន្ទាប់ពី រថយន្តបុករថយន្តនៅត្រង់ចំណុចលើ ផ្លូវកៅស៊ូលេខ១៤៣ ស្ថិតភូមិព្រៃបេង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៦ល្ងាចថ្ងទី២៣ខែកមរាឆ្នាំ២០២៥។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតារ៉េហ្វ័រ ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ 2A-2566 អ្នកបើកបរឈ្មោះ ឌី វុទ្ធី ភេទប្រុស អាយុ៥៤ឆ្នាំ(ស្លាប)នៅភូមិថ្នល់បត់ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងជើងទៅទិសខាងត្បូង។ មកដល់ចំណុចកើតហេតុខាងលើ បានប៉ះពីក្រោយរថយន្តមួយគ្រឿងម៉ាស៊ាំយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខកំពង់ស្ពឺ 2A-3253 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនក្រោយពេលកើតហេតុ) មានដឹកកម្មកររោងចក្រចំនួន ២០នាក់ស្រី រងរបួសស្រាលចំនួន ៧នាក់ស្រី រួមមាន១- អ៊ុំ ផល្លា ភេទស្រី អាយុ៤២ឆ្នាំ, ២-យ័ព្យ រតនា ភេទស្រី អាយុ៤៥ឆ្នាំ, ៣-រុន ចន្ថា ភេទស្រី អាយុ៤៤ឆ្នាំ, ៤-ស៊ីម ចន្ធូ ភេទស្រី អាយុ៣១ឆ្នាំ, ៥-ផន ដេន ភេទស្រី អាយុ៣៩ឆ្នាំ, ៦-ជឹម សាបាន ភេទស្រី អាយុ៤៣ឆ្នាំ, ៧-ម៉ក់ ចន្ថន ភេទស្រី៣៥ឆ្នាំ ។ អ្នកទាំងប្រាំពីរនៅភូមិក្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានបន្តទៀត ខណ:ដែរកំពុងបើកបរស្របទិសគ្នា បន្ទាប់មករថយន្ដម៉ាកតូយ៉ូតារ៉េវហ្វ័រ បានជ្រុលទៅប៉ះផ្លាកក្រុមហ៊ុនប្រព័ន្ធទូរសព្ទមិត្តហ្វូនចំនួន ១ផ្ទាំងទៀតបណ្តាលឲ្យស្លាប់ឈ្មោះឌី វុទ្ធី នៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុមន្ត្រីជំនាញ បានប្រគល់សពជនរងគ្រោះឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកអ្នករបួសស្រាលមនុស្ស ៧នាក់ស្រី ក្រុមគ្រួសារយកទៅពេទ្យស្គុះ ចំណែកវត្ថុតាងរថយន្ត ២គ្រឿងបានយកទៅរក្សាទុក នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្គុះរង់ចាំ ដោះស្រាយនៅពេលក្រោយ៕
ដោយ៖សុខ សុភ័ណ្ឌ រូបថតអធិការ

To Top