កំពង់ធំ: នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកនូវថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពចំនួន៣សព ក្ន្ងុងនោះ ទី១.សពលោក បាល់ ប្រហើរ អតីតយុទ្ធជនពិការ ទី២.សពលោក លឹម នាង អតីតយុទ្ធជនពិការ និងទី៣.សពលោក កុយ អ៊ឹម អតីតយុទ្ធជនពិការ ដែលបានទទួលមរណភាព ដោយរោគាពាធនាពេលកន្លងទៅថ្មីៗនេះ។ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាសន្ទុក និងអាជ្ញាធរដែនដី បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ និងបានគោរពបួងសួងដល់វិញ្ញាណក្ខន្ធសពអតីតយុទ្ធជនទាំង៣ សូមទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយនិងបានជូនពរដល់ក្រុមគ្រួសារសព សូមមានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីបុណ្យសពយ៉ាងច្រើនកុះករនៅពេលនេះ ។
នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន១២លានរៀល ជូនក្រុមគ្រួសារសពទាំងបី ដោយក្នុង១គ្រួសារសព ទទួលបានថវិកា៤លានរៀល ព្រមទាំងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារសព ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន២យួរ ផងដែរ ។
លោក សន វឿន អភិបាលរងស្រុកសន្ទុក តំណាងឲ្យក្រុមគ្រួសារសពអតីតយុទ្ធជន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាល ជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់បម្រើបងប្អូនអតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ ដោយអស់ពីចិត្តពីថ្លើម និងសូមគោរពជូនពរសម្តេច និងលោកជំទាវ ព្រមទាំងឯកឧត្តម អស់លោកទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយសំនៀង