ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ណែនាំពីវិធានការ ការពារ និងរក្សាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំអំពីវិធានការ ការពារ និងរក្សាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដើម្បីចូលរួម ការពារសុខភាពបុគ្គលខ្លួនផ្ទាល់ និងសមាជិកគ្រួសារ ជាពិសេស កុមារតូចៗ និងមនុស្សចាស់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ មករា នេះ ថាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ប្រជាពលរដ្ឋមួយចំនួនតែងមាន ការជួបជុំ គ្រួសារ បងប្អូន ញាត្តិមិត្ត រៀបចំធ្វើម្ហូបអាហារ និងធ្វើដំណើរកំសាន្តទៅតាមរមណីយដ្ឋាននានា។ ដើម្បីចូលរួម ការពារសុខភាពបុគ្គលខ្លួនផ្ទាល់ និងសមាជិកគ្រួសារ ជាពិសេស កុមារតូចៗ និងមនុស្សចាស់ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការណែនាំ ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ ការពារសុខភាព សុវត្ថិភាព។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួង បន្ដថា ប្រកាន់ខ្ជាប់អនាម័យដោយត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល មុនចាប់កាន់អាហារ ឬប៉ះពាល់សត្វ ដូចជាបោចសម្អាត ឬសម្លាប់ លាងសម្អាតសាច់ និងវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងមេរោគ។

ក្រសួង បន្ថែមថា ចុងភៅត្រូវទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់សម្រាប់ ចម្អិន ម្ហូបអាហារឱ្យបានត្រឹមត្រូវ និងត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វ ស៊ុត និង អាហារសមុទ្រ។ នៅពេលបងប្អូនទិញម្ហូបអាហារដែលឆ្អិនស្រាប់នៅតាមផ្សារ ឬតាមដងផ្លូវត្រូវប្រាកដថា អាហារទាំងនោះឆ្អិនល្អ មានអនាម័យ និងមានសុវត្ថិភាព ដោយវេចខ្ចប់បានត្រឹមត្រូវត្រូវទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព៕

To Top