ព័ត៌មានជាតិ

ក្នុងមួយម៉ោងម្តង ក្រសួងបរិស្ថាន នឹងពិនិត្យគុណភាពខ្យល់

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានមានប្រសាសន៍ថា ដើម្បីឲ្យដឹងពីការប្រែប្រួលខ្យល់ ក្រសួងបានបញ្ចេញឧបករណ៍សម្រាប់ ត្រួតពិនិត្យខ្យល់ដោយធ្វើឡើងជារៀងរាល់ម៉ោង ពោលក្នុង១ម៉ោងម្តង ។

ការលើកឡើងរបស់ឯកឧត្តមនេះ បន្ទាប់ពីមានការជជែកវែកញែកលើ បណ្តាញសង្គមលើប្រធានបទខ្យល់នៅកម្ពុជាថា មានភាគល្អិតនិចលក្រហមកើនឡើងខ្ពស់ អាចបង្កើតទៅជាខ្យល់ពុលដែល ទាមទារឲ្យមានការពិនិត្យតាមដានជាប់ជានិច្ច ។

ចំពោះប្រធានបទខ្យល់នេះ អ្នកនាំពាក្យបានមានប្រសាសន៍ នាថ្ងៃនៅព្រឹកថ្ងៃ២៤ មករា ដោយទទួលស្គាល់ពីកំហាប់ភាគល្អិតនិចលកើនឡើងក្នុងរដូវនេះ ប៉ុន្តែមិនបានបង្កឲ្យមានបញ្ហាអ្វីនោះទេ ។ លោកពន្យល់ថា ក្នុងនោះមាន៥ទៅ៦ចំណុចដែរ ហួសកម្រិតនៃស្តងដារ ប៉ុន្តែមិនមែនស្ថិតក្នុង២៤ម៉ោងនោះទេ ។ មានន័យថា ក្នុងមួយម៉ោងនេះ ឧបករណ៍វាស់ខ្យល់គឺស្ថិតនៅក្នុង ទីតាំងមានការដឹកជញ្ជូនខ្លាំង និងឆេះខ្លាំងនឹងមានពណ៌ក្រហម តែក្នុងរយៈពេលពីកន្លះម៉ោងទៅមួយម៉ោង វាប្រែពណ៌ទៅជាប៉ៃតងវិញ ។

អ្នកនាំពាក្យគូសបញ្ជាក់ថា ឧបករណ៍សម្រាប់វាស់ខ្យល់នេះ បានដាក់នៅទីតាំងវាស់តាំងពីថ្ងៃ២២ មករាមកម្ល៉េះ ដោយក្នុងរយៈនៃការដាក់នេះបានរកឃើញ ៣៥.៧មីក្រូក្រាម ក្នុងមួយម៉ែត្រគូបនេះគឺបូកសរុប ជាមធ្យមក្នុងរយៈពេល២៤ម៉ោង ប៉ុន្តែវាមិនទាន់ទៅដល់ចំណុចហានិភ័យទេ។

លោកបន្តថា “គុណភាពខ្យល់នេះយើងផ្ទៀងផ្ទាត់រៀងរាល់ម៉ោង រាល់វិនាទី រាល់ម៉ោង ហើយក្នុងមួយម៉ោងនេះយើងសង្កេតមើលម្តង តើចំណុចទាំង៦០ទីតាំង ដែលយើងបានដាក់ឧបករណ៍នេះ វាមានកន្លែងណាមួយដែលមានការកើនឡើង”។

លោកលើកឡើងថា កាលពីឆ្នាំ២០២៤ នៅកម្ពុជាមិនមានខ្យល់ពុលដល់កម្រិត ស្តង់ដារទេដោយគុណភាពខ្យល់មានលក្ខណៈល្អប្រសើរ ក្នុងកម្រិតមធ្យមប្រចាំឆ្នាំ ១៤.១មីក្រូក្រាមក្នុងមួយម៉ែត្រគូប។

កាលពីថ្ងៃ២៣ មករា លោក ខ្វៃ អាទិត្យា បានប្រកាសកម្រិតខ្យល់ពុលនៅកម្ពុជា មិនទាន់ដល់កម្រិតប្រកាសអាសន្ននោះទេ ដូចនៅប្រទេសថៃនោះទេ ព្រោះក្រសួងបានបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះការវិវត្តន៍នៃកំណើនខ្យល់ពុលនេះជាប់ជានិច្ច។

សូមបញ្ជាក់ថា ករណីខ្យល់នេះដែរ គឺប្រទេសថៃមានបញ្ហាខ្យល់កខ្វក់ នៅទីក្រុងបាងកក ដោយសារបញ្ហានេះទើបអាជ្ញាធរ សម្រេចបិទសាលារៀនប្រមាណជា ២៥០កន្លែង ដើម្បីទប់ស្កាត់កុំឲ្យប៉ះពាល់សុខភាពសិស្សានុសិស្ស៕

To Top