ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធាននៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពរទ្យគន្ធបុប្ផា និងប្រគល់-ទទួលថវិកាបរិច្ចាគ ពីក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃ២៣ មករា ។

ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីប ម៉ុង ដែលបានចូលរួមបរិច្ចាគចំនួន ១លានដុល្លារជូនមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (វត្តភ្នំ) និងចូលរួមអបអរសាទរ ព្រមទាំងជូនពរទារក និងកុមារ តាមរយៈការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មជួយសង្រ្គោះជីវិតទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព សមធម៌ និងប្រសិទ្ធភាព។

ជាកិច្ចបន្ទាប់ លោកជំទាវបណ្ឌិត បានអញ្ជើញទៅពិនិត្យ និងសួរសុខទុក្ខកុមារ មានអាយុចាប់ពី ១ឆ្នាំ ដល់១៥ឆ្នាំ ចំនួន២១នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺមហារីកផ្សេងៗ។ នាឱកាសនោះដែរ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វែងយល់ និងអបអរសាទរដោយសេចក្តីកោតសរសើរ ចំពោះក្រុមគ្រូពេទ្យជំនាញផ្នែកមហារីកកុមារ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា។ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានគោរពបញ្ជាក់បន្ថែមជូនលោកជំទាវបណ្ឌិត បានជ្រាបដ៏ខ្ពង់ខ្ពស់អំពីអាទិភាព នៃការវិនិយោគលើវិស័យសុខាភិបាលថា «បើយើងមិនវិនិយោគថ្ងៃនេះ ១០លានដុល្លារ យើងនឹងខាតបង់ រាប់រយពាន់លានដុល្លារ ក្នុងរយៈពេល ២០-៣០ឆ្នាំក្រោយ»៕








