ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្នុងរយៈពេលមួយខែពេញ ពោលគឺខែធ្នូ នៃចុងឆ្នាំ២០២៤ ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្តទាំង២៥គោលដៅ បានទទួលបណ្ដឹង និង ព័ត៌មានផ្សេងៗចំនួន ៩៩ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ចមានចំនួន ៣៤ករណី (បញ្ចប់ការដោះស្រាយចំនួន១៦ករណី កំពុងដោះស្រាយចំនួន ១៨ករណី) បណ្ដឹងក្រៅសមត្ថកិច្ចចំនួន ៨ករណី ព័ត៌មានផ្សេងៗចំនួន ៥៧ករណី ទួលបានការសរសើរ ចំនួន ០៤ករណី សំណើនឹងសំណូមពរចំនួន ១៣ករណី និងការសាកសួរព័ត៌មានចំនួន ៤០ករណី។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបង្ហាញទៀតថា ក្នុងរយៈពេលដូចគ្នានេះដែរ ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ក៏បានទទួលបណ្ដឹង និងព័ត៌មានផ្សេងៗសរុប ចំនួន ៣.២៩៩ករណី ក្នុងនោះបណ្ដឹង និងព័ត៌មានផ្សេងៗដែលធ្វើការសម្រាំងបានចំនួន ២.៣៧០ ចំពោះបណ្តឹង ក្នុងសមត្ថកិច្ចមានចំនួន ៣៨ករណី (បញ្ចប់ការដោះស្រាយចំនួន ២៩ករណី កំពុងដោះស្រាយចំនួន ៩ករណី) បណ្ដឹងក្រៅសមត្ថកិច្ចចំនួន ១៦ករណី ព័ត៌មានផ្សេងៗចំនួន ២.៣១៦ករណី (ការសរសើរចំនួន ៨២ករណី សំណើនឹងសំណូមពរ ចំនួន ៤៣៥ករណី ការសាកសួរព័ត៌មានចំនួន ១.៧៩៩ករណី)។
បើតាមអ្នកនាំពាក្យរងដដែល រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញនូវអនុក្រឹតលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៧ ស្ដីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ នេះឡើង ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវានិងការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុង ការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់ សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិប្រកបដោយតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងអនុក្រឹត្យដដែលនេះ មានគោលដៅកំណត់អំពីយន្តការ គោលការណ៍ បែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងនៅថ្នាក់ក្រោមជាតិ។ អនុក្រឹត្យនេះមានវិសាលភាពអនុវត្តនៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្នុងការ ទទួលនិងការសម្រុះសម្រួលដោះស្រាយ បណ្ដឹងដែលពាក់ព័ន្ធការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រង រដ្ឋបាលនៅថ្នាក់ក្រោមជាតិ។
អ្នកនាំពាក្យរងបានបន្តទៀតថា ដោយឡែកអនុក្រឹត្យនេះមិនមាន វិសាលភាពអនុវត្តចំពោះវិវាទនៅមូលដ្ឋាន និងវិវាទដែលច្បាប់ ឬដែល រាជរដ្ឋាភិបាលបានកំណត់ឱ្យស្ថាប័ន ឬយន្តការជាក់លាក់ណាមួយសម្រុះសម្រួលដោះស្រាយទេ។