ភ្នំពេញ៖ សមាគមនិយោជក ក្រុមហ៊ុនឯកជន និងសាធារណជន បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បញ្ជរសេវាសាធារណៈ ចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជាការធ្វើទំនើបកម្ម (digitalization) សេវាសាធារណៈរបស់រដ្ឋ ឱ្យកាន់តែកៀកសាធារណជន យុវជន អំពីឱកាសការងារ និងការដាក់ពាក្យរកការងារធ្វើនៅតាមក្រុមហ៊ុនឯកជននានា ក៏ដូចជាការប្រើប្រាស់សេវាផ្សេងៗទៀត របស់ក្រសួងការងារដែលបានបញ្ចូលក្នុង បញ្ជរសេវាសាធារណៈ។
អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់សាធារណៈជននៅដើមឆ្នាំ២០២៥ នេះ។
អគ្គលេខាធិការរង TAFTAC មើលឃើញថា បញ្ជរសេវាសាធារណៈចល័តនេះ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈថ្មីមួយទៀត របស់ក្រសួងការងារសម្រាប់ពលរដ្ឋ បន្ថែមពីការធ្វើទំនើបកម្មលើសេវាសាធារណៈ របស់ក្រសួងផ្សេងៗទៀតកន្លងមក។ ការធ្វើទំនើបកម្មលើបញ្ជរសេវាសាធារណៈចល័តនេះ នឹងធ្វើឱ្យអ្នកប្រើប្រាស់សេវា (ពលរដ្ឋ) និងអ្នកផ្តល់សេវានៅក្បែរគ្នា ផ្តល់ភាពងាយស្រួលលើការ ផ្តល់សេវាសាធារណៈបានពេញលេញ និងនៅគ្រប់ទីកន្លែង។
ដោយឡែក លោកស្រី ឈាង សោភា ប្រធាននាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គលនៃធនាគា កាណាឌីយ៉ា ក.អ ក៏បានគូសបញ្ជាក់ថា ក្នុងនាមជាវិស័យឯកជន ធនាគារ កាណាឌីយ៉ា រីករាយធ្វើជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការដាក់ឱ្យប្រើប្រាស់បញ្ជរសេវាសាធារណៈ ចល័តឱ្យកាន់តែមានប្រសិទ្ធភាព។ លោកស្រី មើលឃើញថា ការដាក់ឱ្យប្រើប្រាស់បញ្ជរសេវាសាធារណៈចល័ត គឺជាអ្វីដែលវិស័យឯកជនកំពុងតែធ្វើ ហើយតាមរយៈសមិទ្ធផលរបស់ក្រសួងការងារ នៅពេលនេះគឺជាការធ្វើទំនើបកម្មលើសេវាសាធារណៈ (digitalization) របស់រដ្ឋ ដែលវិស័យឯកជនចង់បាន ដើម្បីផ្តល់សេវាសាធារណដែលមានសុវត្ថិភាព និងទុកចិត្តបាន ជាពិសេសអ្នកស្វែងរកការងារធ្វើ និងម្ចាស់ក្រុមហ៊ុនឯកជន។
ទន្ទឹមនឹងនេះ លោក ស៊ិន សុវេហោស៍ ជាប្រជាពលរដ្ឋដែលស្វែងរកការងារធ្វើ បានបញ្ជាក់ថា ខ្លួនបានដាក់ពាក្យទៅធ្វើការនៅប្រទេសថៃ តាមរយៈការប្រើប្រាស់បញ្ជរសេវាសាធារណៈចល័ត ។ ជាបទពិសោធន៍ផ្ទាល់ខ្លួន លោកបានវាយតម្លៃខ្ពស់លើសេវាដែលរហ័សទាន់ចិត្ត និងទំនុកចិត្តមួយនេះ ពីព្រោះក្រុមហ៊ុនឯកជនបានទាក់ទងមកខ្លួនវិញក្នុងរយៈពេលខ្លី ហើយបានបំពេញបែបបទដើម្បីជាប់ជាស្ថាពរ ទៅបម្រើការងារនៅប្រទេសថៃ ដោយស្របច្បាប់។ អ្វីដែលសំខាន់នោះគឺក្រុមហ៊ុនឯកជន ស្របច្បាប់ ធានាថាទៅធ្វើការនៅបរទេសដោយស្របច្បាប់ត្រឹមត្រូវ។
សូមបញ្ជាក់ថា ចំណុចពិសេស និងសារៈប្រយោជន៍នៃ «បញ្ជរសេវាសាធារណៈចល័ត» នេះមានដូចជា៖
ទី១. ការបង្ខិតការផ្ដល់ឱកាស និងការធ្វើឱ្យយុវជនយុវនារី អាចស្វែងរកព័ត៌មាននិងសេវាកម្ម ដែលមានប្រយោជន៍នានាសម្រាប់ខ្លួន ដោយប្រើត្រឹមតែ “ម្រាមដៃ» ប៉ុណ្ណោះ។
ទី២. ជាបណ្ដុំនៃព័ត៌មាន និងការផ្តល់សេវាដ៏ពិសេសក្នុងការស្វែងរកការងារ ស្វែងរកបុគ្គលិក ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងដាក់ពាក្យបណ្តឹងជាដើម ដែលលើសពីយន្តការ និងគេហទំព័រ ដែលកំពុងដំណើរការមួយចំនួនទៀតផង។
ទី៣. ការចែករំលែកព័ត៌មាន និងសេវាកម្មដ៏ត្រឹមត្រូវ ទាន់ពេលវេលា អាចទុកចិត្តបាន និង ផ្លូវការពីស្ថាប័នរដ្ឋជូនដល់សាធារណជន យុវជន យុវនារីកម្ពុជា ទាំងអស់។
ទី៤. ជាចំណែកមួយនៃការសម្របសម្រួល និងបង្កើនការងារ និងកំណើនសេដ្ឋកិច្ច ក្នុងដំណើរប្រែក្លាយកម្ពុជាជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕