ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំ ៧ចំណុច ដើម្បីការពារសន្តិសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំចំនួន ៧ចំណុច ដើម្បីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម ឆ្នាំ២០២៥។

យោងតាមសេចក្ដីណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ដើម្បីធានានូវបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គមឱ្យបានល្អ ប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការណែនាំដល់ នាយកដ្ឋាន មន្ទីរ អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវជំរុញចលនាអនុវត្តគោល នយោបាយ “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» និងត្រូវយកចិត្តទុកដាក់បន្ថែមលើការងារសំខាន់ៗ មួយចំនួន ដូចខាងក្រោម ៖

១. ប្រមូល ក្តាប់ព័ត៌មានពាក់ព័ន្ធសភាពការណ៍សន្តិសុខជាតិ ជាពិសេសក្តាប់ឱ្យបាននូវឧបាយកល សកម្មភាពបង្កអសន្តិសុខ ឬការញុះញង់បង្កសង្គ្រាមចិត្តសាស្ត្រ បង្កើតឱ្យមានភាពចលាចលក្នុងសង្គម សំដៅ ម្ចាស់ការចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព។

២. ត្រូវចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅតាមទីអារាម ព្រះវិហារចិន និងវៀតណាម ក៏ដូចជាទីសក្ការៈ កន្លែងកម្សាន្តសប្បាយ និងរមណីយដ្ឋាននានា ដោយយកចិត្ត ទុកដាក់បង្ការ ទប់ស្កាត់មិនឱ្យកើតមានបទល្មើសផ្សេងៗ ជាពិសេសសកម្មភាពបង្កការអុកឡុកដោយក្រុម ក្មេងទំនើង និងត្រូវរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយឱ្យបានល្អប្រសើរ។

៣. ត្រូវបង្កើនសកម្មភាពល្បាត ត្រួតពិនិត្យ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេល វេលាចំពោះបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន សកម្មភាពក្មេងទំនើងតាមដងផ្លូវ ល្បែង ស៊ីសងខុសច្បាប់ ការប្រើប្រាស់ដោយខុសច្បាប់នូវអាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ សំដៅធានាដល់បរិយាកាស សន្តិសុខ និងសុវត្ថិភាពសង្គម។

៤. យកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ឱ្យបានល្អប្រសើរ ដោយត្រូវរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយតាមទីប្រជុំជន ច្រកចេញ-ចូលរាជធានី-ខេត្ត បញ្ចៀសការកកស្ទះ ដើម្បីសម្រួលជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅសួរសុខទុក្ខបងប្អូន ឬទៅកម្សាន្តតាមតំបន់រមណីយដ្ឋាននានា ដោយក្តីសប្បាយរីករាយ និងត្រូវ បង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក (ទាំងនៅពេលថ្ងៃ និងពេលយប់) សំដៅកាត់បន្ថយ ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផង និងរួមចំណែកដល់ការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពល្មើស នានាផង។

៥. ត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រំលឹកដាស់តឿនប្រជាពលរដ្ឋឱ្យមានការ ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់អគ្គិភ័យ ជាពិសេសភ្លើងទៀន ធូបនៅពេលសែនព្រេន ភ្លើងចង្ក្រាន ហ្គាស ចរន្តអគ្គិសនី។ល។ និងត្រូវមានវិធានការល្បាត ត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបការលក់ដូរផាវ កាំជ្រួច រួម ទាំងសកម្មភាពដុតផាវ ឬកាំជ្រួច ឬការបង្កសំឡេងផ្ទុះផ្សេងៗ ដែលបង្កឱ្យមានការភ័យខ្លាច និងអាចបង្កជា អគ្គិភ័យ។ ជាមួយគ្នានោះត្រូវប្រមូលផ្តុំកម្លាំង និងមធ្យោបាយប្រចាំការ ២៤/២៤ម៉ោង ដើម្បីត្រៀមចេញ អន្តរាគមន៍ពន្លត់ និងសង្គ្រោះពេលមានហេតុការណ៍អគ្គិភ័យកើតឡើងជាយថាហេតុ។

៦. ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ជាគ្រប់ថ្នាក់ និងការងារផ្តល់ព័ត៌មានឱ្យបានឆាប់រហ័ស ដើម្បីដោះស្រាយឱ្យមានប្រសិទ្ធភាពនូវរាល់សភាពការណ៍ បញ្ហាកកស្ទះចរាចរណ៍ ឬហេតុការណ៍នានាដែល កើតឡើងជាយថាហេតុ។ ទន្ទឹមនោះត្រូវចាត់ក្រុមប្រតិកម្មរហ័ស ធ្វើការតាមដានរាល់ព័ត៌មានពីគ្រប់ប្រភព ដើម្បីឆ្លើយតប បកស្រាយបំភ្លឺ និងចាត់វិធានការបន្សាបឥទ្ធិពលចំពោះព័ត៌មានប្រឌិត ក្លែងក្លាយ ដែលមាន ចរិតញុះញង់ និងបំពុលដល់បរិយាកាសសង្គម។

៧. ត្រូវធ្វើការបូកសរុបសភាពការណ៍ និងលទ្ធផលអនុវត្តវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ផ្ញើមកសេនាធិការដ្ឋាន នៅម៉ោង ១៥:០០នាទី នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ជាកំហិត៕

To Top