ព័ត៌មានជាតិ

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ភ្នំពេញ៖ គណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III : Decent Employment for Youth in Cambodia Programme Phase 3) បានរៀបចំកិច្ចប្រជុំលើកទី១ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Joseph Scheuer អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដោយមានវត្តមានចូលរួមពីតំណាងអន្តរក្រសួង, តំណាងអង្គការអន្តរជាតិ ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC), និងតំណាងសមាគមនិយោជក។

កិច្ចប្រជុំនេះ មានគោលបំណង ទី១/ ពិនិត្យលើវឌ្ឍនភាពការងារក្នុងឆ្នាំដំបូងនៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III), ទី២/ ការពិនិត្យឡើងវិញ និងអនុម័តផែនការការងាររបស់ DEY III សម្រាប់ឆ្នាំ ២០២៥, ទី៣/ ពិនិត្យ និងអនុម័តលើបែបបទការងាររបស់លេខាធិការដ្ឋានរួម DEY III, ទី៤/ ពិភាក្សាអំពីអនុសាសន៍គោលនយោបាយសំខាន់ៗ ដោយផ្អែកលើសន្និសីទសេដ្ឋកិច្ចការងារ ឆ្នាំ២០២៤។

តាមរយៈកិច្ចប្រជុំនេះ លោក​ ហេង សួរ បានសម្តែងការអរគុណចំពោះដៃគូរបស់អង្គការសហប្រជាជាតិ ដូចជា អង្គការអន្តរជាតិខាងការងារ (ILO), អង្គការ UNESCO, អង្គការ UNIDO, អង្គការ UNICEF, និងក្រសួងពាក់ព័ន្ធ, ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ(SDC), រួមនិងភាគីពាក់ព័ន្ធផ្សេងទៀត ដែលខិតខំប្រឹងប្រែងរួមគ្នាសម្រាប់កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣(DEY III)។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) មានសារៈសំខាន់ក្នុងការធានានូវការងារសមរម្យសម្រាប់យុវជន និងការពង្រីកលទ្ធភាពសម្រាប់យុវជនក្នុងការទទួលបានការបណ្តុះបណ្តាលជំនាញដែលមានគុណភាព និងស្របតាមតម្រូវការជាក់ស្តែង។

ក្នុងកិច្ចប្រជុំនេះដែរ លោក Joseph Scheuer ក៏បានថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធ ក៏ដូចជាភាគីពាក់ព័ន្ធនានាដែលចូលរួមយ៉ាងសកម្មក្នុងការចាប់ផ្តើមការអនុវត្តកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)។ លោកជឿជាក់ថា កម្មវិធី DEY III នេះ នឹងរួមចំណែកដល់មហិច្ឆតារួមរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនទីជំរុញជាសកលផងដែរ៕

To Top