លោកបណ្ឌិតជាមុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជាចិន បានបញ្ជាក់ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ថា ម៉ុងសាយ គឺជារបាំសត្វតោ ជារបាំដែលបានបង្កប់ នូវអត្ថន័យចំនួន៤ នៅប្រពៃណីជនជាតិចិន ៖
1) របាំតោជាការបង្ហាញ នូវឫទ្ធានុភាព នៃអំណាចស្តេចសត្វគ្រប់គ្រងដែនដី ដែលជាការរំលេចថា ការលោតម៉ុងសាយ ឬការសម្តែងរបាំតោ គឺជាការផ្តល់នូវឫទ្ធានុភាព នៃអភិបាលកិច្ច លើដែនដី និងមុខរបរ ។ សត្វតោ ត្រូវបានគេយកទៅដាក់តាំង នៅមុខក្លោងទ្វារដើម្បីបញ្ជាក់ពីអំណាច របស់ម្ចាស់លំនៅស្ថាន ។ របាំនេះ ក៏ជាការឆ្លុះបញ្ចាំង ពីគុណតម្លៃ នៃអរិយធម៌ចិន ដែលមានអាយុកាលជាង ៥ពាន់ឆ្នាំ ដើម្បីរួមចំណែក ជាមួយអរិយធម៌ នៃប្រជាជាតិដទៃ ដូចទៅនឹងគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិនកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។
2) របាំតោជាការបង្ហាញ នូវអំណាចបន្លាចសត្វដទៃ ដែលជាការឆ្លុះបញ្ចាំងពីអំណាច នៅក្នុងការដេញឧបទ្រពចង្រៃ ដែលអាចយាយីដល់យើង ហើយផ្តល់មកវិញនូវកាលានុវត្តភាព នៃការអភិវឌ្ឍ ប្រៀបដូចជាគំនិតផ្តួចផ្តើម សន្តិសុខ សកល ដែលបានរួមចំណែកយ៉ាងសកម្ម ដល់បេសកកម្មថែរក្សា សុខសន្តិភាពពិភពលោក ។
3) របាំតោ ជាការបង្ហាញនូវមន្តស្នេហ៍ នៃការទាក់ទាញ ដែលជាការរេរាំពន់ពេនរបស់សត្វតោ នៅក្នុងការឆក់យកមនោសញ្ចេតនា និងមិត្តភាព ដែលរួមគ្នានៅក្នុងរង្វង់ នៃការអភិវឌ្ឍ ប្រៀបដូចជាគំនិតផ្តួចផ្តើមអភិវឌ្ឍសកល ដែលបានផ្តួចផ្តើមដោយប្រទេសចិន ។
4) របាំតោជាការបង្ហាញ នូវកម្លាំងសាមគ្គីភាព ដែលជាការរំលេចពីជីវភាព រស់នៅ របស់សត្វតោ ដែលតែងធ្វើការងារជាក្រុម ហើយដែលជនជាតិចិន យល់ថា មានតែការគ្រប់គ្រង ជាលក្ខណៈប្រព័ន្ធ ជាលក្ខណៈប្រទាក់ក្រឡាគ្នា ទើបទទួលបានជោគជ័យ ដូចជាអ្នកដែលរាំរបាំ មានការស្រុះគ្នា នៅគ្រប់ចលនា ទាំងអស់ ហើយជនជាតិចិនយល់ថាមានតែយើងរួមគ្នាបន្ថែមពន្លឺ ដល់គ្នាទៅវិញទៅមក ទើបក្លាយជារស្មីបំភ្លឺ ផ្លូវកាន់តែចែងចាំង ។ ក្នុងន័យនេះ កិច្ចកសាង សហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ គឺជារស្មីដ៏ភ្លឺចិញ្ចាំងចិញ្ចាចដល់ប្រជាជាតិ នានា ក្នុងការរួមកម្លាំងគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍសកល ។ ក្នុងន័យនេះ គំនិតផ្តួចផ្តើមខ្សែ ក្រវាត់និងផ្លូវ បានក្លាយជាយន្តការ ដែលបាននិងកំពុងរួមចំណែកយ៉ាង សកម្មដល់វឌ្ឍនភាព របស់ពិភពលោក ។
ក្នុងន័យនេះ នាឱកាសបុណ្យចូលឆ្នាំចិន ប្រជាជាតិចិនតែងនិយមលើការលោតម៉ុងសាយ ឬការសម្តែងរបាំតោ ដើម្បីរំលេចនូវអត្ថន័យទាំង៤ខាងលើនេះ៕