ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ណែនាំពីវិធានការ ការពារសុខភាព បណ្តាលមកពីការប្រែប្រួល គុណភាពខ្យល់ ក្នុងបរិយាកាស

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារសុខភាព បណ្តាលមកពីការប្រែប្រួល គុណភាពខ្យល់ ក្នុងបរិយាកាស។

ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាននាពេលថ្មីៗនេះ និងជាបន្តបន្ទាប់ បង្ហាញថាសន្ទស្សន៍គុណភាពខ្យល់ មានការប្រែប្រួលខុសៗគ្នា ទៅតាមភូមិសាស្ត្រ ពីខេត្តមួយទៅខេត្តមួយ។ ដើម្បីវាយតម្លៃផលប៉ះពាល់ទៅលើ សុខភាព និងបរិស្ថាន ក្រសួងបរិស្ថានបានបែងចែកសន្ទស្សន៍គុណភាពខ្យល់ (AQI)ជា ៦កម្រិត៖

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ តាមដានសន្ទស្សន៍គុណភាពខ្យល់ ដោយយកចិត្តទុកដាក់ និងការពារសុខភាពខ្លួន និងសមាជិកក្រុមគ្រួសារ ឱ្យបានហ្មត់ចត់បំផុត ដោយអនុវត្តតាមវិធានការដូចខាងក្រោម ៖ បន្តតាមដានីស្ថានភាពគុណភាពខ្យល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ឬគេហទំព័ររបស់ក្រសួងបរិស្ថាន (https://airquality.moe.gov.kh) ដើម្បីដឹងអំពីសន្ទស្សន៍គុណភាពខ្យល់ នៅក្នុងភូមិសាស្ត្រ ដែលអ្នករស់នៅ, ស្នាក់នៅក្នុងផ្ទះ ក្នុងអំឡុងពេល ដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ (ពណ៌ក្រហម) ឬខ្ពស់ខ្លាំង (ពណ៌ស្វាយ) ឬបរិយាកាសអ័ព្ទអូ ដោយសារមានការកើនឡើង នូវកំហាប់សារធាតុបំពុលខ្យល់, បិទបង្អួច និងទ្វារ ដើម្បីបង្ការខ្យល់មិនល្អ ពីខាងក្រៅចូលក្នុងផ្ទះរបស់លោកអ្នក, កាត់បន្ថយសកម្មភាពខាងក្រៅផ្ទះ ឬនៅទីវាល ក្នុងអំឡុងពេលដែលសន្ទស្សន៍ គុណភាពខ្យល់ខ្ពស់ និង ខ្ពស់ខ្លាំង ឬពាក់ម៉ាស ក្នុងករណីចាំបាច់, ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ។

ក្រសួង បន្ដថា ត្រូវយកចិត្តទុកដាក់ការពារជាពិសេស ចំពោះ ទារក កុមារ ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា អ្នកមានជំងឺសួត ជំងឺសរសៃឈាមបេះដូង និងជំងឺរ៉ាំរ៉ៃ ដែលជាក្រុមងាយរងគ្រោះ, ប្រសិនបើមានរោគសញ្ញាផ្លូវដង្ហើមដូចជា ពិបាកដកដង្ហើម ក្អក ហត់ សូមលោកអ្នកប្រញាប់ទៅកាន់ មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតផ្ទះលោកអ្នក ៕

To Top