ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តក្រើនរំលឹកដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ជាពិសេស រដ្ឋបាលរាជធានី ខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តអនុវត្តកិច្ចការងារនេះឱ្យដូច ភ្លៀងរលឹម ដោយត្រូវចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេស បទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទឱ្យបានហ្មត់ចត់។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណបែបនេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
តាមរយៈសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់ក្រសួងមហាផ្ទៃ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង យ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នាពេលកន្លងមក។
សម្ដេចបវរធិបតី បន្ដថា ទោះបីជាបានសម្រេចនូវវឌ្ឍនភាពល្អប្រសើរជាច្រើនក៏ដោយ ក៏ សម្ដេចបវរធិបតីបន្តក្រើនរំលឹកដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ជាពិសេស រដ្ឋបាលរាជធានី ខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តអនុវត្តកិច្ចការងារនេះឱ្យដូច ភ្លៀងរលឹម ដោយត្រូវចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេស បទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាព សំដៅរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយមិនត្រឹមតែអនុវត្តច្បាប់ទេ តែក៏ត្រូវប្រកាន់យកវិធានការអប់រំ ឱ្យបានច្រើន ដើម្បីបង្ការកុំឱ្យកើតមានបញ្ហាក្មេងទំនើង និងបញ្ហាផ្សេងទៀត។
សម្ដេចបវរធិបតី ក៏បានក្រើនរំលឹកដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមរាជធានី ខេត្ត ពង្រឹង ការងាររបស់ខ្លួនបន្ថែមទៀត ជាពិសេស ការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីស្វែងយល់ពី តម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋផង និងដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលផង៕