ភ្នំពេញ ៖ អ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) បានបង្ហាញភាពរីករាយ និងពេញចិត្ត ចំពោះភាពងាយស្រួល ក្នុងការប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» ជាសមិទ្ធផលថ្មីបង្កើតឡើង ដោយកូនខ្មែរ ដែលទើបត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅតាមទីសាធារណៈមួយចំនួន ដូចជាផ្សារទំនើប ហាងកាហ្វេ គ្រឹះស្ថានសិក្សា ធនាគារ និងបណ្តាក្រុមហ៊ុន ចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម(Influencer) បានលើកឡើងថា «បញ្ជរសេវាសាធារណៈចល័ត» គឺជាសមិទ្ធផលថ្មីមួយ ដែលបង្កើតឡើងដោយកូនខ្មែរ ក្នុងយុគសម័យឌីជីថល គឺក្រុមយុវជនមកពីវិទ្យាស្ថានបច្ចេកទេស TVET ក្រោមការផ្ដួចផ្ដើម និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងការងារ ដើម្បីផ្ដល់ភាពងាយ ស្រួលដល់សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន កម្មករនិយោជិត និយោជក រោងចក្រ សហគ្រាស និងសាធារណជន ។
ទន្ទឹមនេះ បណ្ដាអ្នកផ្សព្វផ្សាយ តាមបណ្តាញ សង្គម(Influencer) ក៏បានលើកឡើងបន្ថែមទៀតថា បន្ទាប់ពីពួកគេបាន សាកល្បងប្រើប្រាស់ បំពេញពាក្យស្វែង រកការងារធ្វើនៅលើ «បញ្ជរសេវាសាធារណៈចល័ត»នេះរួច គឺពិតជាផ្ដល់ភាពងាយស្រួល ឆាប់រហ័ស និងអាចជឿទុកចិត្ត បានថែមទៀតផង ព្រោះថារាល់ក្រុមហ៊ុន ឬស្ថាប័នផ្សេងៗដែលមាននៅក្នុង «បញ្ជរសេវាសាធារណៈចល័ត»នេះ គឺសុទ្ធសឹងតែ ទទួលបានការត្រួតពិនិត្យ និងមានចុះបញ្ជីច្បាស់លាស់ត្រឹមត្រូវ ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម(Influencer) បានលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន បុគ្គលិកក្រុមហ៊ុន កម្មករ-កម្មការិនី និងសាធារណជនទូទៅ ដែលមានបំណងស្វែងរកការងារទាំងក្នុងស្រុក និងក្រៅស្រុក, ស្វែងរកបុគ្គលិក, ចុះឈ្មោះសិក្សាជំនាញ វិជ្ជាជីវៈ, សេវាសាធារណៈផ្សេងៗ របស់ក្រសួង និងដាក់ពាក្យបណ្តឹងជាដើម អាចមករកបញ្ជរសេវាសាធារណៈចល័ត ដែលនៅក្បែរគេហដ្ឋានរបស់ខ្លួន ដើម្បីទាញយកប្រយោជន៍ ទាំងអស់នេះ តាមរយៈមុខងារសំខាន់ទាំង ១០ របស់ «បញ្ជរសេវាសាធារណៈចល័ត» ដែលជាសមិទ្ធផលថ្មី របស់រាជរដ្ឋាភិបាល។
សូមជម្រាបថា ដោយយោងតាមប្រសាសន៍ របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការផ្ដួចផ្ដើមបង្កើតឱ្យមាន «បញ្ជរសេវាសាធារណៈចល័ត របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នាពេលនេះ គឺជាការអនុវត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង ធ្វើយ៉ាងណាបង្ខិតការ ផ្តល់សេវាសាធារណៈ របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានកាន់តែចូលជិតបំផុត ទៅដល់មូលដ្ឋាន របស់ប្រជាពលរដ្ឋ វិស័យឯកជន និងតាមទីកន្លែងប្រមូលផ្តុំសាធារណៈ សំដៅលើកកម្ពស់ការ កសាងពលរដ្ឋឌីជីថល និងការផ្តល់សេវាកម្ម និងព័ត៌មានសំខាន់ៗផ្លូវការ អាចទុកចិត្តបាន និងទាន់ពេលវេលាជូនដល់សាធារណជន គ្រប់រូបបានដឹង បានយល់ បានជ្រាប បានត្រៀមខ្លួន និងចាប់យកឱកាសភ្លាមៗ ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕