ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ហេង សួរ​ ៖ សាធារណជន មានបំណងស្វែង រកការងារធ្វើ នៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត» ដែលមានឱកាសខ្ពស់ ទទួលបានការងារ និងត្រឹមត្រូវតាមច្បាប់

ភ្នំពេញ៖លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវ ដល់សាធារណជន ដែលមានបំណង ស្វែងរកការងារធ្វើ នៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត» ដែលមានឱកាសខ្ពស់ទទួលបានការងារ និងត្រឹមត្រូវតាមច្បាប់ ។

ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ចំនួន១០០ បញ្ជរ និងប្រគល់ជូនដល់សាកលវិទ្យាល័យ វិទ្យាស្ថាន គ្រឹះស្ថានបណ្តុះបណ្តាល ផ្សារទំនើប ហាងកាហ្វេ និងក្រុមហ៊ុនឯកជន កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កន្លងទៅតែងតែមានការលើកឡើងថា ប្រជាពលរដ្ឋមួយចំនួន ដែលធ្វើចំណាកស្រុក ចេញទៅធ្វើការ នៅក្រៅប្រទេស តែងជួបប្រទះ ការប្រថុយប្រថាន ហើយទទួលព័ត៌មាន ដែលមិនមានប្រភព មូលដ្ឋានច្បាស់លាស់ ពិសេសក្រុមហ៊ុន ដែលមិនមានការចុះបញ្ជីត្រឹមត្រូវស្រប តាមច្បាប់ការងារជាដើម ។ ដោយមើលឃើញពីបញ្ហាកង្វល់ទាំងអស់នេះ លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា តាមរយៈបញ្ជរសេវាសាធារណៈចល័ត គឺជាពិភពការងារ និងការបណ្ដុះបណ្ដាល ព្រមទាំងសេវាសាធារណៈផ្សេងៗ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលស្ថិតនៅក្នុងដៃ របស់សាធារណជនទាំងអស់ ដោយមិនចាំបាច់ព្រួយបារម្ភពីការចាញ់បោកក្រុមមេខ្យល់ ឬក្រុមហ៊ុនខុសច្បាប់ទៀតទេ ព្រោះថាគ្រប់បណ្ដាក្រុមហ៊ុន និងប្រទេសដែលមានវត្តមាន នៅក្នុងបញ្ជរសេវាសាធារណៈចល័តនេះ គឺសុទ្ធតែការមានការ អនុញ្ញាតនិងចុះកិច្ចព្រមព្រៀងច្បាស់ លាស់ត្រឹមត្រូវ ស្របតាមច្បាប់កម្ពុជា និងឆ្លងកាត់ការត្រួតពិនិត្យ តាមច្បាប់កំណត់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្ត ដល់សាធារណជន ជាពិសេសយុវជន ដែលមានបំណងស្វែងរកការងារ ធ្វើទាំងក្នុងនិងក្រៅប្រទេសអាចប្រើប្រាស់សេវានេះ ឲ្យបានទូលំទូលាយ តាមរយៈបញ្ជរសេវាសាធារណៈចល័ត នៅតាមផ្សារទំនើប ហាងកាហ្វេ ឬតាមរយៈ QR Code ពោលគឺសាធារណជន គ្រប់គ្នានឹងទទួលបាននូវការផ្តល់សេវាកម្ម និងព័ត៌មានសំខាន់ៗផ្លូវការ អាចទុកចិត្តបាន និងទាន់ពេលវេលា ដើម្បីបានដឹង បានយល់ បានជ្រាប បានត្រៀមខ្លួន និងចាប់យកឱកាសភ្លាមៗពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

សូមបញ្ជាក់ថា បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានមុខងារសំខាន់ចំនួន ១០ ដែលមានដូចជា៖
១- សេវាចុះឈ្មោះស្វែងរកការងារ (Job Seeker)
២- សេវាចុះឈ្មោះស្វែងរកបុគ្គលិក (Job Provider)
៣- សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ (Skill & TVET Enrollment)
៤- សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស (Overseas Job Seeker)
៥- ប្រអប់បណ្តឹងអនាមិក (Anonymous Complaint Box)
៦- សេវាចុះឈ្មោះសមាជិក ប.ស.ស. (Social Security Registration)
៧- បណ្ណ/សៀវភៅការងារកម្មករនិយោជិតខ្មែរ (Cambodian Employment Book and Worker Card)
៨- ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង (Work Permit For Young Worker)
៩- សេវាតាមដានសេវាសាធារណៈក្រសួងការងារ (MLVT Public Service Tracking)
១០. សេវាផ្សេងៗ (Other Services) រួមមាន សេវាពេទ្យការងារ សេវាចុះបញ្ជិកាគ្រឹះស្ថាន បណ្តុះបណ្តាល សេវាហត្ថពលកម្មបរទេស ស្វ័យប្រកាសអធិការកិច្ចការងារ ប្រអប់សំណូមពរ និងកម្រងសេវាស្វ័យប្រវត្តិកម្មពាក់ព័ន្ធវិស័យការងារ៕

To Top