ភ្នំពេញ ៖ នៅល្ងាចថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍ នៅទីតាំងស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ទន្លេបាទី ដែលកំពុងបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងប្រឈមមុខខ្វះទឹកស្រោចស្រព នៅក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា កិច្ចអន្តរាគមន៍បានអនុវត្តតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដោយក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានប្រើប្រាស់ស្ថានីយបូមទឹកហ៊ុនសែន ទី២២ និងទី២៣ ដែលមានស្រាប់ និងដាក់បន្ថែមម៉ាស៊ីន បូមចល័តកម្លាំង ៦៥សេះ ចំនួន ៣គ្រឿង ដើម្បីបូមទឹក ឱ្យបានឆាប់ពីក្នុងអាងទឹកទន្លេបាទី បញ្ចូលតាមប្រឡាយមេហនុមាន យកទឹកទៅជួយសង្គ្រោះស្រូវប្រាំង ក្នុងចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ក្នុងឃុំចំនួន៩ នៃស្រុកបាទី ដែលក្នុងរយៈពេល៥ថ្ងៃនេះ ការបូមទឹកអន្តរាគមន៍សម្រេចបានប្រមាណ ៧៥ម៉ឺនម៉ែត្រគូប ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីក្រុមការងារបើកបញ្ចេញទឹកពីទំនប់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ប្រមាណ ១៥លានម៉ែត្រគូប ក្នុងចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ តាមស្ទឹងព្រែកត្នោត មកកាន់តំបន់កំពង់ទួលទំនប់ ៧មករា បញ្ជូនតាមប្រឡាយ ៧៨ ចូលក្នុងអាងទន្លេបាទី ខេត្តតាកែវ បានធ្វើឱ្យកម្ពស់ទឹកក្នុងអាងទន្លេបាទីកើនពី ៣លានម៉ែត្រគូបដែលជាកម្ពស់ទឹកមានក្នុងអាងស្រាប់ ឡើងដល់ ៤លានម៉ែត្រគូប ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ ផែនការបង្កបង្កើនផលស្រូវប្រាំង នៅក្នុងស្រុកបាទី មានចំនួន ២ពាន់ហិកតា ក៏ប៉ុន្តែការអនុវត្តការ ធ្វើស្រែប្រាំងជាក់ស្តែងមាន រហូតដល់ជាង ៤ពាន់ហិកតា ក្នុងពេលដែលប្រភពទឹក នៅក្នុងមូលដ្ឋានមិនមានគ្រប់គ្រាន់ សម្រាប់បម្រើឱ្យការងារស្រោចស្រព ទើបបណ្តាលឱ្យផ្ទៃដី បង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករចំនួន ៣៥០០គ្រួសារ ក្នុងឃុំក្រាំងធ្នង់ ឃុំពត់សរ ឃុំកណ្តឹង ឃុំចំប៉ី ឃុំត្រពាំងសាប ឃុំចំបក់ ឃុំដូង ឃុំពារាម និងឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ប្រឈមមុខនឹងបញ្ហាខ្វះទឹក ៕