ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រានចោលការអះអាង របស់អ៊ីស្រាអែល អំពីការរត់ពន្ធអាវុធ ទៅកាន់ប្រទេសលីបង់

Xinhua

តេអេរ៉ង់ ៖ បេសកជនរបស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានច្រានចោលយ៉ាងដាច់អហង្កា ចំពោះការអះអាងរបស់អ៊ីស្រាអែល ដែលថាទីក្រុងតេអេរ៉ង់ កំពុងរត់ពន្ធប្រព័ន្ធសព្វាវុធទំនើបៗ ទៅកាន់ប្រទេសលីបង់ ដោយរំលោភលើសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) ដោយពណ៌នាការចោទប្រកាន់នេះថា “គ្មាន​មូលដ្ឋាន និង​មិន​ត្រឹមត្រូវ” ។

ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លោក Amir Saeid Iravani តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់ កាលពីថ្ងៃសុក្រ នៅក្នុងលិខិតមួយផ្ញើ ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងលោក Amar Bendjama ដែលជាប្រធានប្តូរវេនរបស់ UNSC សម្រាប់ខែមករា ។

លិខិតរបស់លោក គឺឆ្លើយតបទៅនឹងលិខិតមួយទៀត ដោយឯកអគ្គរដ្ឋទូតអង្គការ សហប្រជាជាតិ របស់អ៊ីស្រាអែលលោក Danny Danon ប្រចាំអង្គការសហប្រជាជាតិ និង UNSC ដែលក្នុងនោះលោក បានចោទប្រកាន់អ៊ីរ៉ង់ពីបទ “រត់ពន្ធប្រព័ន្ធសព្វាវុធទំនើបៗ ចូលទៅក្នុងប្រទេសលីបង់ សម្រាប់ការប្រើប្រាស់របស់ក្រុមហេសបូឡា នៅក្នុងការរំលោភជាក់ស្តែង នៃដំណោះស្រាយ UNSC លេខ ១៧ផ១” ។

លោក Iravani បានលើកឡើងថា អ៊ីរ៉ង់បានច្រានចោលទាំងស្រុង នូវការចោទប្រកាន់ “គ្មានមូលដ្ឋាន និងមិនត្រឹមត្រូវ” ដែលធ្វើឡើងដោយអ៊ីស្រាអែល ដោយបន្ថែមការអះអាងនេះ “គ្មានអ្វីក្រៅពីលេស ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃការរំលោភបំពានជាញឹកញាប់ របស់អ៊ីស្រាអែល ចំពោះដំណោះស្រាយលេខ១៧០១ និងការមិនយកចិត្តទុកដាក់ សម្រាប់ការរៀបចំកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហេសបូឡា ដែលបានចូលជាធរមាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។

លោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលគ្មានចេតនាបន្តការប្តេជ្ញាចិត្ត ចំពោះកាតព្វកិច្ចរបស់ខ្លួនក្នុងការដកខ្លួន ចេញពីភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីកាលបរិច្ឆេទ កំណត់រយៈពេល ៦០ថ្ងៃដែលមានចែងក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយកត់សម្គាល់ថា អ៊ីស្រាអែលកំពុងធ្វើការចោទប្រកាន់ “គ្មានមូលដ្ឋាន” លើអ៊ីរ៉ង់ និងក្រុមហេសបូឡា ដើម្បីស្របច្បាប់ក្នុងការបន្តដោយខុសច្បាប់នៃការកាន់កាប់ទឹកដីលីបង់ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top