ភ្នំពេញ ៖ គិតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ ទំនប់ដងកាំបិត ក្រោមហិរញ្ញប្បទាន ពីសាធារណៈរដ្ឋប្រជាមានិតចិន ស្ថិតនៅលើស្ទឹងសែន ក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ធំ បច្ចុប្បន្នសម្រេចបាន លទ្ធផលប្រមាណ ៤៨%។
តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតនឹងផ្តល់ផលអត្ថប្រយោជន៍ជូនដល់ប្រជាកសិករ រួមមាន៖ ប្រជាកសិករចំនួន ២៥.០០០ គ្រួសារ ស្មើនឹង ៨៥.៣០០ នាក់ ស្ថិតក្នុង ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ នឹងទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់សម្រាប់ដំណាំស្រូវ ដំណាំរួមផ្សំ និង ទឹកប្រើប្រាស់ប្រចាំថ្ងៃ។ ផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រែនៅផ្នែកខាងក្រោមចំនួន ១៣១.៣២៣ ហិកតា។ បង្កើនទិន្នផលស្រូវពី ៤ តោន ទៅ ៥,៤ តោន/ហិកតា អត្រាទិន្នផលកើនឡើងដល់ ៣៥ ភាគរយ និងអាចបង្កើនទិន្នផល ១៨៣.៨០០ តោន/ប្រចាំឆ្នាំ។
ការងារសំណង់សំខាន់នៅក្នុងគម្រោងនេះ រួមមាន៖ ទំនប់ស្ទាក់ទឹក សំណង់បង្ហៀរទឹក ទំនប់បេតុង តំបន់គ្រប់គ្រង និង ផ្លូវចូលទីតាំងទំនប់។ កម្ពស់ទំនប់អតិបរមា ៣០.០ម៉ែត្រ ខ្នងទំនប់ទំហំ ៤០.០ម៉ែត្រ ទំនប់មានប្រវែង ២.៦៨០ម៉ែត្រ និងទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ៕