ភ្នំពេញ ៖ សន្និបាតគណៈកម្មាធិការ កណ្ដាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្ស ប្រជាជនកម្ពុជា បានគាំទ្រយ៉ាងមុតមាំ ចំពោះវិធានការនានា របស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម សំដៅធានាដល់ដំណើរការអភិវឌ្ឍន៍ និងការពារកិត្តិយស របស់កម្ពុជាលើឆាកអន្តរជាតិ។
តាមរយៈសេចក្ដីជូនដំណឹង ស្ដីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្ស្រជាជនកម្ពុជា បានអង្គសន្និបាត បានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅ អំពីបញ្ហាប្រឈមនានា ទាំងកត្តាខាងក្នុង ទាំងកត្តាខាង ក្រៅ ក្នុងដំណើរការកសាង និង ការពារមាតុភូមិ ជាពិសេស អង្គសន្និបាតបានពិនិត្យ ឃើញថា សភាពការណ៍ជាតិនៅ តែបន្តជួបការលំបាកជាច្រើន ដែលបណ្តាលមកពីទំនាក់ទំនង រវាងតម្រូវការ នៃការលើកកម្ពស់ជីវភាពប្រជាជន និង លទ្ធភាព នៃការផ្គត់ផ្គង់របស់សេដ្ឋកិច្ចជាតិនៅមានកម្រិត, ការលំបាកដែលបណ្តាល មកពីសកម្មភាពប្រទូសរ៉ាយឥត ឈប់ឈររបស់ពួកប្រឆាំង ជ្រុលនិយម ដែលមានមជ្ឈដ្ឋាន អគតិខាងក្រៅ មួយចំនួននៅពីក្រោយ ប៉ុនប៉ងផ្តួលរំលំគណ បក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល ដោយស្របច្បាប់ ហើយព្រមជាមួយនេះ សភាពការណ៍អន្តរ ជាតិក៏កាន់តែស្មុគស្មាញឡើងៗ ។
កត្តាទាំងនេះ បាននិងកំពុងជះឥទ្ធិពលមកលើដំណើរការអនុវត្តគោលនយោបាយ របស់គណបក្សលើគ្រប់ទិដ្ឋភាព ដូចជា បញ្ហាសន្តិភាព និង ស្ថិរភាពនយោបាយ, បញ្ហាអធិបតេយ្យជាតិ, បញ្ហាព្រំដែន និងបូរណភាពទឹកដី, បញ្ហាដោះស្រាយ ជីវភាពប្រជាជន ជាដើម។
លើមូលដ្ឋាននេះ ដើម្បីការពាររាល់សមិទ្ធផល សង្គមជាតិ និងសម្រេចនូវសមិទ្ធផលធំៗថ្មីៗទៀត សន្និបាតបានដាក់ចេញទិសដៅសំខាន់ៗនៅក្នុងឆ្នាំ ២០២៥ គឺ៖
ទី១-ពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារ យ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
ទី២-ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុល និយមណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ។
ទី៣- គាំទ្រពេញទំហឹងដល់ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីធានាការអនុវត្តដោយជោគជ័យនូវកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល និងមានអាទិភាពគន្លឹះ ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» សំដៅជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០២៣០ និងកសាងមូលដ្ឋានឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។ ព្រមជាមួយនោះ សន្និបាត គាំទ្រយ៉ាងមុតមាំចំពោះវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម សំដៅធានាដំណើរការអភិវឌ្ឍន៍ និងការពារកិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ។
ទី៤-បន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ លើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋតាមគន្លងនីតិរដ្ឋ បង្កើនការ អប់រំ និងការអនុវត្តច្បាប់ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និង មជ្ឈដ្ឋានចម្រើនជឿនលឿនទាំងអស់ ដើម្បីការពារ សន្តិភាព ជំរុញការអភិវឌ្ឍជាតិ និងពង្រឹងសុខដុមនីយកម្មសង្គម។
ទី៥-រក្សាស្ថិរភាពក្នុងការរស់នៅ និងសុខុមាលភាពរបស់ប្រជាជនគ្រប់រូបតាមរយៈការថែទាំសុខភាព ការបង្កើន ការងារធ្វើ ការពង្រីកមុខរបរចិញ្ចឹមជីវិត ការបណ្តុះបណ្តាលមុខជំនាញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការដោះស្រាយ ថ្លៃកសិផល ការពង្រឹងសុវត្ថិភាពភូមិ ឃុំ សង្កាត់ និងជាពិសេសការពង្រឹងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខ សង្គម ឱ្យកាន់តែមានវិសាលភាព ប្រសិទ្ធភាព និងធានាចីរភាពខាងហិរញ្ញវត្ថុ ដោយត្រូវយកចិត្តទុកដាក់ជំរុញការ អនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ ព្រមទាំងយុទ្ធសាស្ត្រជាតិអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ៕