ព័ត៌មានជាតិ

អនុប្រធានអចិន្ត្រៃយ៍ អាជ្ញាធរទន្លេសាប អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ សម្របសម្រួល ជាមួយភាគីពាក់ព័ន្ធស្ដីពី “ការកសាងកិច្ចសហការរួមគ្នា សម្រាប់សន្តិសុខទឹក និងភាពធន់នៅបឹងទន្លេសាប”

ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញ លោក ហ៊ែល តូនី អនុប្រធានអចិន្ត្រៃយ៍ អាជ្ញាធរទន្លេសាប តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប រួមជាមួយលោកស្រី Tania Mayer ប្រធានគ្រប់គ្រងប្រចាំប្រទេស នៃធនាគារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំសម្របសម្រួល ជាមួយភាគីពាក់ព័ន្ធស្ដីពី “ការកសាងកិច្ចសហការរួមគ្នា សម្រាប់សន្តិសុខទឹក និងភាពធន់នៅបឹងទន្លេសាប ” ។

ពិធីនេះ ដោយមានកិច្ចសហការជាមួយ ធនាគារពិភពលោក (WBG), ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្ម (DFAT) និង Australian Water Partnership (AWP) ក្នុងការអនុវត្តកម្មវិធីវាយតម្លៃសន្តិសុខ និងភាពធន់នៃនឹងទន្លេសាប សម្រាប់ឆ្នាំ ២០២៤-២០២៦។

សូមជម្រាបជូនថា កិច្ចប្រជុំខាងលើ មានសមាសភាពចូ លរួមពីសមាជិកសមាជិកាអាជ្ញាធរទន្លេសាប ក្រសួង ស្ថាប័នពាក់ព័ន្ធ ខេត្តពាក់ព័ន្ធជុំវិញបឹងទន្លេសាប ស្ថាប័នអប់រំ និង ស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ដោយផ្ដោតសំខាន់លើ ៖ (i). បង្កើនការយល់ដឹង ទាក់ទងនឹងបញ្ហាប្រឈម នៅក្នុងតំបន់បឹងទន្លេសាប និងស្ទឹងសំខាន់ៗ ទាំង១១ (ii). គាំទ្រគោលនយោបាយនានាដែលពាក់ព័ន្ធ ដើម្បីចូលរួមឯកភាពគ្នា ក្នុងការបង្កើតឡើង នូវការគ្រប់គ្រងអាង ទន្លេសាប ព្រមទាំងការសម្រេចចិត្ត ផ្អែកលើភស្តុតាងនានា សម្រាប់បង្កើតនូវផែនការអភិវឌ្ឍ ពហុដំណាក់ កាលរយៈពេលវែង សម្រាប់ទន្លេសាបប្រកបដោយនិរន្តរភាព និងកិច្ចសហការ (ii). ផ្លាស់ប្តូរចំណេះដឹង បង្កើតកម្មវិធី និងការពង្រឹងសមត្ថភាពរវាងភាគីពាក់ព័ន្ធ។

សូមបញ្ជាក់ជូនថា កិច្ចប្រជុំនេះ មានគោលបំណងបង្កើន នូវការយល់ដឹងអំពីកម្មវិធីសន្តិសុខទឹក និងភាពធន់នៃបឹងទន្លេសាប ដើម្បីទទួលយកចំណេះដឹងថ្មីៗ និង គម្រោង ឬកម្មវិធីនានា ដែលស្ថិតនៅក្រោមខ្សែបន្ទាត់ក្រសួង ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ដើម្បីជូនដំណឹងអំពីការ វាយតម្លៃនាពេលខាងមុខ និងក្របខ័ណ្ឌយុទ្ធសាស្រ្តសម្រាប់អាងទន្លេសាប។

ជាលទ្ធផល កិច្ចប្រជុំនេះ សម្រេចបាននូវការចែករំលែក និងពិភាក្សាក្នុងចំណោមភាគីពាក់ព័ន្ធអំពីទស្សនៈសម្រាប់ការអភិរក្ស និងការអភិវឌ្ឍតំបន់បឹង ទន្លេសាប ក៏ដូចជាការកសាង ការរួមបញ្ចូលគ្នាសម្រាប់សន្តិសុខទឹក និងភាពធន់នៅបឹងទន្លេសាប។ ដោយអនុលោមតាមផែនការចូលរួមរបស់គម្រោង ការពិគ្រោះយោបល់ជាបន្តបន្ទាប់ ការចែករំលែកផ្លាស់ប្តូរចំណេះដឹង និងត្រូវរៀបចំឡើងជាជំហានសំខាន់ៗ ក្រោមគម្រោងសម្រាប់កម្មវិធីសន្តិសុខទឹក និងភាពធន់នៃបឹងទន្លេសាប ៕

To Top