ព័ត៌មានជាតិ

លោក ឃួង ស្រេង ឱ្យអាជ្ញាធរខណ្ឌ បង្កើនការយកចិត្តទុកដាក់​ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ​ ក្នុងពេលបុណ្យចូលឆ្នាំចិន វៀតណាម

ភ្នំពេញ៖​ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ បង្កើនការយកចិត្តទុកដាក់ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ តាមរយៈការចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មេក្រូតាមម៉ូតូកង់បី ណែនាំមិនឱ្យដុតផាវ ជាដាច់ខាត ជាមួយនិងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ។

ការណែនាំ របស់លោក ឃួង ស្រេង ខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានលើកឡើងថា បុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំ២០២៥នេះ សូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ផ្សព្វផ្សាយដល់អាជីករ តាមផ្សារ មិនឱ្យលក់ផាវ គ្រឿងផ្ទុះ បើណែនាំ២ដងមិនស្តាប់ ត្រូវអនុវត្តតាមច្បាប់។

ជាមួយគ្នានេះ លោក ឃួង ស្រេង មានប្រសាសន៍ថា “ការណែនាំ ផែនការយើងមានអស់ហើយ នូវឡើយតែការអនុវត្តមិនទាន់ បានគ្រប់ជ្រុងជ្រោយនៅឡើយ” ។

បន្ថែមលើនេះ លោក ឃួង ស្រេង ណែនាំថា បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ក៏ដូច្នេះដែរ នៅភ្នំពេញ ការកកស្ទះចរាចរណ៍ជារឿងពិត ពោលគឺ ឱ្យតែបុណ្យទានម្តងៗ ពិសេសបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ និងបុណ្យចូលឆ្នាំចិន-វៀតណាម តែងតែមានការកកស្ទះចរាចរណ៍។ ចំពោះទីតាំងដែលកកស្ទះ ក្នុងនាមជាម្ចាស់មូលដ្ឋានពិតជាដឹងហើយ ដូច្នេះត្រូវដាក់កម្លាំងសម្រួលចរាចរណ៍ នៅកន្លែងកកស្ទះទាំងនោះភ្លាម ដើម្បីឱ្យប្រជាពលរដ្ឋបានមើលឃើញពីការយកចិត្តទុកដាក់ចំពោះការងារនេះ។

លោកអភិបាលរាជធានីភ្នំពេញ បានបន្តលើកឡើងថា “អភិបាលខណ្ឌទាំង១៤ អាជ្ញាធរសង្កាត់ ត្រូវចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ស្រែកណែនាំ មិនឱ្យដុតផាវជាដាច់ខាត ជាមួយនិងពាក្យថា ពេលស្រវឹងកុំបើកបរជាដើម។ ត្រូវល្បាតជាប្រចាំ ដើម្បីទប់ស្កាត់ ការដុតផាវ លួចឆក់ប្លន់ គាស់ផ្ទះជាដើម។ ការដុតផាវ វាមិនចំណេញទេ នៅចិនគេលែងដុតហើយ យើងល្មមបញ្ចប់ហើយ។ ណែនាំឱ្យពួកគាត់ចេះបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ បង្ការការលួចគាស់ផ្ទះជាដើម”។

ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យខណ្ឌទាំង១៤ ចុះមើលតាមសាលារៀនជាប្រចាំ ដើម្បីទប់ស្កាត់ក្មេងទំនើងតាមសាលារៀន មើលទាំងអនាម័យ បរិស្ថាន នៅតាមសាលា ពិសេសបង្គន់អនាម័យសូមឱ្យស្អាត បត់ជើងបានផង ។ បន្ថែមពីនេះ ល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលុបបំបាត់ ឱ្យអស់ ពិសេសល្បែងស៊ីសង នៅតាមផ្សារ ឆ្នោតឡូតូជាដើម។ ដោយឡែកនៅតំបន់ស្មុកស្មាញ តំបន់មិនរៀបរយ អាជ្ញាធរខណ្ឌត្រូវចុះ ឱ្យដល់ទីតាំង ពិសេស ប្រជាការពារ សង្កាត់ ចុះទៅពិនិត្យតាមដាន ជាមួយនិងការណែនាំឱ្យចេះបង្ការ ទប់ស្កាត់គ្រោះអគ្គីភ័យ។ ចំពោះគ្រប់គ្រងជនអន្តោប្រវេសន៍ ក៏ត្រូវធ្វើឱ្យបានល្អ ដាក់ខាតត្រូវឱ្យគោរពច្បាប់ប្រទេស មិនចេះតែធ្វើអ្វីតាមចិត្តទេ ខណៈប្រទេសមានច្បាប់៕

To Top