ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ជំរុញ និងបង្កើនការផលិត សារអប់រំសុខភាពបន្ថែមទៀត

ភ្នំពេញ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការ និងលើកទិសដៅការងារ នាថ្ងៃ២៧ មករា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញ និងបង្កើនការផលិត សារអប់រំសុខភាពបន្ថែមទៀត ដើម្បីផ្សព្វផ្សាយដល់សាធារណជន អំពីការថែទាំសុខភាព និងត្រូវចូលរួមអនុវត្តទាំងអស់គ្នា។

ជាមួយគ្នានេះ សាស្រ្តចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់បញ្ហាសុខភាពបឋម និងត្រូវបង្កើនការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ត្រូវពង្រឹងការបម្រើសេវាសារវន្តនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងសេវាឯកជន។ សាស្រ្តាចារ្យ បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ រាប់តាំងពីឯកសណ្ឋាន សម្រាប់ផ្តល់ជូនមន្រ្តីក្រោមឱវាទ ដោយត្រូវរៀបចំឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា និងគុណភាព ដោយវាស់កាត់ឱ្យបានស្អាតល្អ និងសមរម្យបំផុត។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិត រហូតដល់មន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវពង្រឹងការបម្រើសេវាសុខភាពជូនប្រជាជន គ្រប់ពេលវេលា ជាពិសេសក្នុងអំឡុងពេលមានពិធីបុណ្យនានា ប្រកបដោយគុណភាព ស្មារតីទទួលខុសត្រូវ ប្រសិទ្ធភាព និងសមធម៌។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ បានជំរុញដល់អង្គភាពជំនាញ ត្រូវបង្កើនការផលិត និងផ្សព្វផ្សាយសារអប់រំសុខភាពដល់ប្រជាពលរដ្ឋ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលដែលបានដាក់ចេញ៕

To Top