ភ្នំពេញ ៖ ដើម្បីចូលរួមទទួលខុសត្រូវ ក្នុងការអនុវត្តឱ្យសម្រេចបានជោគជ័យ និងពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋាន ក្នុងការអនុវត្តកម្មវិធី នយោបាយ និងការដ្ឋានកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានផ្តល់គោលការណ៍ណែនាំ លើកិច្ចការអាទិភាពសំខាន់ៗ ចំនួន ១១ចំណុច។
គោលការណ៍ណែនាំលើកិច្ចការអាទិភាពសំខាន់ៗ ចំនួន ១១ចំណុច រួមមាន ៖ ១-ការការពារសន្តិភាព និងការពង្រឹងខឿនសន្តិសុខជាតិ ២-ការរក្សាស្ថិរភាព សន្តិសុខផ្ទៃក្នុង ៣-បន្តជំរុញចលនាក្នុងការ អនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ៤-ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ៥-ពង្រឹង និងលើកកម្ពស់ការគ្រប់គ្រងពន្ធនាគារ ៦-លើកកម្ពស់ការផ្តល់សេវាសាធារណៈ ៧-ពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ៨-ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងខេត្ត ៩-ការគ្រប់គ្រងធនធានធម្មជាតិ និងការចុះបញ្ជីដីធ្លី ១០-ការចូលរួមអនុវត្តកម្មវិធីគោលនយោបាយនានា របស់រាជរដ្ឋាភិបាល និង១១-ការពង្រឹងរបៀបរបបការងារ។
ការណែនាំនេះ ក្នុងឱកាស លោក ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៥។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា អង្គសន្និបាតនាពេលនេះ គឺជាព្រឹត្តិការណ៍មួយ ដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ បានមកជួបជុំ និងរួមគ្នាធ្វើការពិនិត្យ និងវាយតម្លៃអំពីសមិទ្ធផលលើគ្រប់វិស័យដែលរដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចបានក្នុងឆ្នាំ២០២៤ កន្លងទៅ ក៏ដូចជាដើម្បីស្វែងយល់ពីបញ្ហាប្រឈម សំណូមពរ ដំណោះស្រាយ និងកាលានុវត្តភាព ព្រមទាំងដាក់ចេញនូវទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ក្នុងការចូលរួមចំណែកអនុវត្តគោលនយោបាយនានា និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់។
បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យមានការចូលរួមអនុវត្តកម្មវិធីនយោបាយ និងការងារកែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏មានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយទស្សនវិស័យច្បាស់លាស់ និងវែងឆ្ងាយក្នុងការដឹកនាំកម្ពុជា ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។
ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ និងស្នើដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងភាពជាម្ចាស់ក្នុងការអនុវត្តមុខងារ ដែលថ្នាក់ជាតិបានផ្ទេរ ស្របតាមគោលការណ៍ណែនាំ ដែលបានកំណត់ ឱ្យសម្រេចបានលទ្ធផលល្អ តាមការរំពឹងទុក។ ក្នុងករណីមានបញ្ហាប្រឈម ឬតម្រូវការចាំបាច់ណាមួយ សូមធ្វើសេចក្តីរាយការណ៍លម្អិតជូនក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីថ្នាក់ជាតិ ផ្តល់ការគាំទ្រ និងមានវិធានការដោះស្រាយទៅ តាមករណីជាក់ស្តែងឱ្យបានទាន់ពេលវេលា៕