ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់រដ្ឋាភិបាលអូស្ត្រាលី ឱ្យមានការសហការជាមួយកម្ពុជា ក្នុងការនាំយកកម្មវិធីសិក្សា របស់អូស្ត្រាលីផ្ទាល់មកកាន់ប្រទេសកម្ពុជា ដើម្បីឱ្យកាន់តែមានភាពងាយស្រួល ដល់សិស្សានុសិស្សកម្ពុជាក្នុងការសិក្សា ។
ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ធ្វើឡើងក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក Derek Yip ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។
នាឱកាសនេះ លោកទូតអូស្រ្តាលី បានបញ្ជាក់ថា វិស័យអប់រំ គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជាវិស័យគន្លឹះមួយ ក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរដ្ឋាភិបាលអូស្ត្រាលី បាននិងកំពុងបន្តគាំទ្រលើវិស័យអប់រំ ដូចជាកម្មវិធីអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជា ដែលបានជួយគាំទ្រ ដល់សិស្សនិស្សិតកម្ពុជា ជាច្រើននាក់ នាពេលកន្លងមក ក្នុងការទទួលបាន គុណភាពអប់រំអន្តរជាតិ ក៏ដូចជាធាតុចូលសំខាន់ៗ និងគំនិតផ្តួចផ្តើមនានារបស់ លោកឧបនាយករដ្ឋមន្ត្រី ក្នុងការបន្តពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់គុណភាពអប់រំ ឱ្យកាន់តែល្អប្រសើរថែមទៀត ។
ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាល អូស្ត្រាលី ចំពោះការជួយគាំទ្រ មកលើវិស័យអប់រំនាពេលកន្លងមក ជាពិសេសចំពោះការផ្តល់ នូវអាហារូបករណ៍ សម្រាប់ប្រជាជនកម្ពុជា រយៈពេលជាច្រើនឆ្នាំ កន្លងមកនេះ ដែលបានរួមចំណែកអភិវឌ្ឍធនធាន មនុស្សកម្ពុជាឱ្យក្លាយជាកម្លាំង ចលករដ៏មានសក្ដានុពល ក្នុងការចូលរួមអភិវឌ្ឍ សង្គមសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ។ បន្ថែមលើនេះលោកបណ្ឌិតសភាចារ្យ បានលើកឡើងពីសារៈសំខាន់ នៃកម្មវិធីសិក្សាអន្តរជាតិដូចជា ថ្នាក់បរិញ្ញាបត្រអន្តរជាតិ (IB) និងវគ្គសិក្សា STEM ដើម្បីឱ្យយុវជនកម្ពុជាត្រៀមខ្លួន ក្នុងដំណើរជីវិតការសិក្សាបន្តទៀត ។
ក្រៅពីការផ្តល់អាហារូបករណ៍ ដល់ប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់រដ្ឋាភិបាល អូស្ត្រាលីឱ្យមានការសហការ ជាមួយប្រទេសកម្ពុជា ក្នុងការនាំយកកម្មវិធីសិក្សា របស់ប្រទេសអូស្ត្រាលី ផ្ទាល់មកកាន់ប្រទេសកម្ពុជា ដើម្បីឱ្យកាន់តែមានភាពងាយស្រួល ដល់សិស្សានុសិស្សកម្ពុជា ក្នុងការសិក្សា និងផ្តល់ឱកាសដល់ពួកគាត់ ឱ្យទទួលបានការអប់រំ ប្រកបដោគុណភាពខ្ពស់ និងតាមកម្រិតស្តង់ដាអន្តរជាតិ។
សាជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានចូល រួមកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបានយ៉ាងល្អប្រសើរ និងសម្រេចបាននូវសមិទ្ធផលនានាលើគ្រប់វិស័យ និងសង្ឃឹមជឿជាក់ថា រដ្ឋាភិបាលអូស្ត្រាលី និងប្រទេសកម្ពុជា នឹងបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតជាមួយគ្នាបន្ថែមទៀត ដើម្បីចាប់យកឱកាសវិនិយោគ និងធុរកិច្ចក្នុងវិស័យអប់រំ នានាក្នុងគោលដៅបន្តអភិវឌ្ឍធនធានមនុស្ស ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕