ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា កម្មវិធី ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព នឹងអនុវត្តទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋក្រីក្រ និងគ្មានដីពិតប្រាកដ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ តទៅ។
តាមរយៈសេចក្តីថ្លែងការណ៍ពិសេស ស្តីពី កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការដាក់ចេញកម្មវិធីនេះ មានគោលបំណង៣ ដែលអាទិភាពធំទីមួយគឺការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីពិតប្រាកដ ហើយបន្ថែមលើនេះ កម្មវិធីនឹងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើផងដែរ។
សម្តេចបវរធិបតី បានរំលឹកពីសាវតារ នៃការដោះស្រាយកម្មសិទ្ធិឯកជនដីធ្លីជូនប្រជាពលរដ្ឋថា សង្គ្រាមរាប់ទសវត្សរ៍នាអតីតកាលបានបំផ្លាញមិនត្រឹមតែអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គម ដូចជាថ្នល់ សាលារៀនមន្ទីរពេទ្យ ព្រមទាំងធនធានមនុស្ស និងកម្មសិទ្ធិឯកជនជាពិសេសកម្មសិទ្ធិឯកជនលើដីធ្លី ត្រូវបានលុបបំបាត់ចោលទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។
សម្តេចបវរធិបតី បន្តថា នៅក្រោយថ្ងៃ៧ មករា ១៩៧៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល បានបែងចែកដីកសិកម្មលើកដំបូងជូនប្រជាពលរដ្ឋនៅឆ្នាំ១៩៨៥ និងទទួលស្គាល់កម្មសិទ្ធិឯកជនលើដីលំនៅឋាននៅឆ្នាំ១៩៨៩។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវគោលនយោបាយ បានផ្តល់ដីជូនប្រជាពលរដ្ឋតាមរយៈកម្មវិធីជាដំណាក់កាលៗ រួមមាន៖
ទី១ គឺកម្មវិធីផ្តល់ដីជូនប្រជាពលរដ្ឋធ្វើមាតុភូមិនិវត្តន៍ពីជាយដែនកម្ពុជាថៃនៅឆ្នាំ១៩៩១ ដល់ ១៩៩៣។
ទី២- គឺកម្មវិធីផ្តល់ដីជូនអតីតកងកម្លាំងខ្មែរក្រហមដែលធ្វើសមាហរណកម្ម នៅឆ្នាំ១៩៩៨។
ទី៣-គឺកម្មវិធីប្រទានកម្មដីរដ្ឋជូនប្រជាពលរដ្ឋតាមបទបញ្ជា០១នៅឆ្នាំ២០១២ ប្រមាណជាង៦៤ម៉ឺនក្បាលដី ស្មើនឹង មួយលានពីរសែនហិកតា។
និងទី៤-គឺកម្មវិធីប្រទានកម្មដីរដ្ឋតាមរយៈកម្មវិធីដីសម្បទានសង្គមជូនអតីតកម្លាំងប្រដាប់អាវុធ និងគ្រួសារ គ្រួសារកងទ័ព និងនគរបាលជាតិតាមព្រំដែន ព្រមទាំងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ ចាប់ពីឆ្នាំ២០០៣ ដោយបានបែងចែកដីសរុបប្រមាណ មួយលានបួនសែនហិកតា សម្រាប់ប្រជាពលរដ្ឋសរុបជិត ៤៩ម៉ឺនគ្រួសារ បានសង់ផ្ទះប្រមាណប្រាំបីពាន់មួយរយខ្នង។
សម្តេចបវរធិបតី បានបញ្ជាក់ថា ដើម្បីបន្តកិច្ចការចាំបាច់ប្រកបដោយប្រវត្តិសាស្ត្រនេះ រាជរដ្ឋាភិបាល នីតិកាលទីប្រាំពីរ នៃរដ្ឋសភា បាននិងកំពុងបន្តយកចិត្តទុកដាក់លើការលើកកម្ពស់សិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញការវាស់វែង ការចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ក៏ដូចជាការបន្តផ្តល់ដីសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារកងទ័ព និងនគរបាលជាតិ នៅតាមព្រំដែន និងប្រជាពលរដ្ឋក្រីក្រ។
សម្តេចបវរធិបតី បន្ថែមថា ក្រៅកង្វះដីធ្លីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងការបំផ្លាញធនធានធម្មជាតិ ក៏ដោយចោទជាបញ្ហាដែលរាជរដ្ឋាភិបាល ដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់។ ក្នុងន័យនេះ ការដាក់ចេញនូវការដាក់ចេញកម្មវិធី ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ចីរភាព មិនត្រឹមតែបង្កើតសហថាមពលនៅក្នុងការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រដែលគ្មានដីពិតប្រាកដ ប៉ុន្តែថែមទាំងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការការពារ និងអភិរក្សព្រៃឈើ។
សម្តេចបវរធិបតី បន្ថែមទៀតថា តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ នឹងត្រូវបានរដ្ឋផ្តល់ដីជូន ជាមួយនឹងការរៀបចំជាភូមិកជូន ហើយប្រជាពលរដ្ឋខ្មែរ ដែលនឹងទៅរស់នៅទីនោះ អាចនឹងចងជាសហគមន៍ ដើម្បីជួយការពារដី និងព្រៃនៅជុំវិញសហគមន៍ ដែលខ្លួនរស់នៅ។ សម្ដេច ថា «នៅក្នុងន័យនេះ យើងអាចនិយាយបានថា នេះជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ គឺទី១.ការផ្តល់ដីជូនប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ និងទី២ ប្រជាពលរដ្ឋខ្មែរ នឹងមានលទ្ធភាពចូលរួម នៅក្នុងការពារដី និងព្រៃ នៅជុំវិញសហគមន៍ ដែលខ្លួនរស់នៅ»។
លើសពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា «ដើម្បីអនុវត្តកម្មវិធីនេះឲ្យបានជោគជ័យ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការជាតិដឹកនាំ អនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ដែលមានសេនាធិការដ្ឋានមួយជាសេនាធិការ។ ចំពោះនីតិវិធីបែបបទនេះដើម្បីដាក់ពាក្យស្នើសុំ និងលក្ខណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានដី លេខាធិការដ្ឋាននឹងចាប់ផ្តើមជូនដំណឹងជាបន្តបន្ទាប់ ហើយដែលអាចចាប់ផ្តើមទទួលពាក្យស្នើសុំរបស់ពលរដ្ឋចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៥នេះតទៅ»៕