ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានស្នើប្រធានអង្គភាពចំណុះ និងសាធារណជន ជួយសហការផ្តល់នូវឯកសណ្ឋាន សញ្ញាសម្គាល់ រូបថត វីដេអូ ឯកសារ ឧបករណ៍ សម្ភារប្រើប្រាស់ និងព័ត៌មាននានាពាក់ព័ន្ធនឹងកងកម្លាំងនគរបាលជាតិកម្ពុជា មកបណ្ឌិត្យសភានគរបាលកម្ពុជា។
តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ភស្តុតាងនានាទាក់ទងនឹងនគរបាលជាតិ ដូចជា គំរូឯកសណ្ឋាន សញ្ញាសម្គាល់ រូបថត វីដេអូឃ្លីប ឯកសារ ឧបករណ៍ សម្ភារប្រើប្រាស់ ជាដើម ត្រូវបានបាត់បង់ ឬស្ថិតនៅរាយប៉ាយ ឬ តម្កល់ទុកនៅកន្លែងផ្សេងៗ។
ក្នុងគោលបំណងប្រមូលផ្តុំ និងរក្សាទុកនូវប្រវត្តិ និងភស្តុតាងនានាទាក់ទងនឹងនគរបាលជាតិ ដើម្បីជាការចងចាំ ការទស្សនា ការសិក្សា និងការស្រាវជ្រាវរបស់មនុស្សគ្រប់ជំនាន់ទាំងជាតិ និងអន្តរជាតិ ក្រសួងមហាផ្ទៃ បាននិងកំពុងរៀបចំសាលប្រពៃណីដែលមានលក្ខណៈជាសារមន្ទីរនគរបាល ស្ថិតនៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីរក្សាទុកនូវប្រវត្តិ និងភស្តុតាងនានាទាក់ទងនឹងនគរបាលជាតិ ចាប់តាំងពីជំនាន់មុនរហូតមកដល់ ជំនាន់បច្ចុប្បន្ន។
សូមបញ្ជាក់ថា នគរបាលជាតិកម្ពុជា ត្រូវបានបង្កើតឡើង ជាផ្លូវការនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ និងមានការវិវត្តពីជំនាន់មួយទៅជំនាន់មួយ៕