ព័ត៌មានជាតិ

កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ជំហានទី១ នឹងចាប់ផ្តើមទទួលពាក្យថ្ងៃទី១ កុម្ភៈ ចែកជូនពលរដ្ឋ ៥០០គ្រួសារ ស្ថិតនៅស្រុកសេសាន្ត

ភ្នំពេញ៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានឱ្យដឹងថា កម្មវិធីនេះ ជំហានទី១ នឹងចាប់ផ្តើមទទួលពាក្យនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ នឹងចែកជូនប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ ស្ថិតនៅស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពី ដំណើរការអនុវត្តកម្មវិធី ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងដាក់ឱ្យដំណើរការ «កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព សម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃ ការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទាន ដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់ សង់លំនៅឋាននិងក្រីក្រគ្មានដី សម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រម ទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។

កម្មវិធីនេះ ផ្តួចផ្តើមដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីដែលនឹងផ្តល់ដីនៅក្នុងតំបន់ មួយចំនួនដល់អ្នកក្រីក្រគ្មានដីពិតប្រាកដ ប្រកបដោយសមធម៌ដើម្បីរួម ភ្នាកសាងសហគមន៍ក្នុងការប្រើប្រាស់ អាស្រ័យផល និងការការពារព្រៃ និងដីរដ្ឋសម្រាប់ការអភិវឌ្ឍដោយចីរភាព។

កម្មវិធីនេះ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ និងរួមគ្នាទទួលផល ព្រមទាំងដោះស្រាយការទន្ទ្រានដីរដ្ឋ ដែលដំណើរការអនុវត្តកម្មវិធីនេះ មានដំណាក់កាលសំខាន់ចំនួន៥៕

To Top