ព័ត៌មានជាតិ

លោក នេត សាវឿន៖ ភ្ញៀវទេសចរអន្តរជាតិ សរុបក្នុងឆ្នាំ២០២៤ កើនឡើងលើសកម្រិត មុនវិបត្តិកូវីដ១៩ទៅទៀត

សៀមរាប៖ លោក ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានថ្លែងថា ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ សរុបក្នុងឆ្នាំ២០២៤ បានកើនឡើងដល់៦លាន៧សែននាក់ ដែលជាចំនួនលើសកម្រិត មុនវិបត្តិកូវីដ១៩ទៅទៀត ខណៈនៅឆ្នាំ២០១៩ មុនមានវិបត្តិកូវីដ១៩ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៦លាននាក់ ។

ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ខាងលើនេះ ធ្វើឡើងក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាអង្គរ ។

ក្នុងឱកាសនេះ លោក ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ជាវិស័យជន្ទល់​ នៃកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងរយៈពេល២ទវទសត្សចុងក្រោយ ដែលបានធ្វើឱ្យវិស័យទេសចរណ៍ មានការរីកចម្រើនយ៉ាងខ្លាំង លើកលែងតែក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ១៩ ដែលវិស័យទេសចរណ៍ ទាំងកម្ពុជា និងនៅពិភពលោក ត្រូវបានរងផលប៉ះពាល់ស្ទើទាំងស្រុង។

ផ្ទុយមកវិញបន្ទាប់ពីបានដាក់ចេញយន្តការ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យវិស័យទេសចរណ៍ ងើបមកវិញយ៉ាងឆាប់រហ័ស ពោលនាឆ្នាំ២០២៤នេះ កំណើនភ្ញៀវទេសចរអន្តរជាតិ បានកើនឡើងលើសពីអំឡុងពេលមុនជំងឺកូវីដ១៩ ទៅទៀត ។

លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្រាប់បច្ចុប្បន្ន វិស័យទេសចរណ៍ មាននូវការងើបឡើងវិញ តាមរយៈការដាក់ចេញនូវវិធានការ និងគោលនយោបាយជាច្រើន បូករួមទាំងការដាក់ឱ្យប្រើប្រាស់ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរជាដើម ។

លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ជាក់ស្តែង ចំនួនភ្ញៀវទេសចរអន្តរជាតិ សរុបក្នុងឆ្នាំ២០២៤ បានកើនឡើងដល់៦លាន៧សែននាក់ ដែលជាចំនួនលើសកម្រិត មុនវិបត្តិកូវីដ១៩ទៅទៀត ។ នេះបានសេចក្តីថា វិធានការដែលរាជរដ្ឋាភិបាល បានដាក់ចេញ បានចាប់ផ្តើមហុចផលបណ្តើរៗ” ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុបប្រមាណ៦,៦លាននាក់ ខណៈភ្ញៀវទេសចរចិនមាន ៣៥,៧%, វៀតណាម ១៣,៨%, ថៃ៧,១%, និងបន្តបន្ទាប់មានឡាវ កូរ៉េខាង-ត្បូង អាមេរិក ជប៉ុន ម៉ាឡេស៊ី បារាំង និងអង់គ្លេស ៕

To Top