ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងពាណិជ្ជកម្ម» ដោយមានវត្តមានអញ្ជើញចូលរួមពី លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
លោកស្រី រដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងពាណិជ្ជកម្មបានគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការ អនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីធ្វើឱ្យស្ថាប័នរបស់ខ្លួនក្លាយ ទៅជាអង្គភាពរដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ មានគណនេយ្យភាព ដើម្បីបម្រើនូវផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ។
ជាលទ្ធផលក្រសួង បានរៀបចំជារបាយការណ៍ និងការវិភាគឡើងវិញនូវមុខងារស្នូល មុខងាររង មុខងារគាំទ្រ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ ព្រមទាំងតារាងឧបសម្ព័ន្ធទាំង៤ ចប់សព្វគ្រប់តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងបានរៀបចំរបាយការណ៍វឌ្ឍនភាព នៃដំណើរការការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ របស់ក្រសួងពាណិជ្ជកម្ម សម្រាប់ឆមាសទី១ ឆ្នាំ២០២៤។ បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីដាក់ជូនក្រសួងមុខងារសាធារណៈ ពិនិត្យ និងពិភាក្សា។
លោកស្រី រដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះបីជាដំណើរការនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម បានសម្រេចលទ្ធផលជាជំហាននីមួយៗ តាមការរំពឹងទុកក៏ពិតមែន ក៏នៅតែបន្តកិច្ចសហប្រតិបត្តិការការងារ ឆ្ពោះទៅរកការរៀបចំយន្តការប្រទាក់ក្រឡាគ្នា ផ្អែកលើអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។
ក្នុងន័យនេះ ការផ្តួចផ្តើមឱ្យមានការរៀបចំសិក្ខាសាលា របស់ក្រសួងមុខងារសាធារណៈនាពេលនេះ គឺជាការរៀបចំដ៏សមស្រប និងពិតជាមានសារៈសំខាន់បំផុត ដើម្បីអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងពាណិជ្ជកម្ម អាចស្វែងយល់ស៊ីជម្រៅជាងមុន អំពីនីតិវិធីនៃដំណើរការការវិភាគមុខងារ និងរចនាសម្ព័ន្ធ ព្រមទាំងទទួលបាននូវគោលការណ៍ណែនាំ ការតម្រង់ទិសបន្ថែមទៀត ពីលោកឧបនាយករដ្ឋមន្ត្រី ដើម្បីជំរុញប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី កំណែទម្រង់រដ្ឋបាលសាធារណៈ របស់ក្រសួងពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
សូមជម្រាបថា សិក្ខាសាលានាព្រឹកនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញ របស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕