ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ ការតភ្ជាប់បណ្តាញ ប្រព័ន្ធទឹកស្អាតថ្មី ដល់ប្រជាពលរដ្ឋមាន ជាង១០ម៉ឺនបណ្តាញនៅទូទាំងប្រទេសដែលនេះគឺជាល្បឿនថ្មីមួយសម្រេចបានដោយក្រសួង។
បើតាមលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យទឹកស្អាត មានការរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ដោយមានប្រតិបត្តិករជាង៤០០ ប៉ុន្តែអ្វីកាន់តែពិសេសទៀតនោះការតភ្ជាប់ប្រព័ន្ធទឹកស្អាតថ្មីមានជាង១០ម៉ឺនបណ្តាញនេះ គឺជាល្បឿនដ៏ធំថ្មីមួយទៀត ដែលក្រសួងសម្រេចបាន ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
លោក ហែម វណ្ណឌីមានប្រសាសន៍ថា “ក្នុងឆ្នាំថ្មី ឆ្នាំ២០២៤នេះ ការតភ្ជាប់ជាង១៣ម៉ឺន ។ មួយការតភ្ជាប់បើយើងគិតស្មើនឹង១គ្រួសារ ចឹងវាមានជាង១៣ម៉ឺន ហើយប្រហែលជា៤០ភាគរយ ។ នៅក្នុងចុងឆ្នាំ២០២៤ យើងបានប្រហែល ជា៤០ភាគរយ នៃចំនួនគ្រួសារទូទាំង ប្រទេសមានទឹកស្អាត(ទឹកម៉ាស៊ីន) ប្រើប្រាស់។ អីចឹងនេះគឺជាមោកទភាពសំខាន់” ។
ដើម្បីពង្រីកការបំពេញ សេចក្តីត្រូវការ របស់ពលរដ្ឋបន្ថែមទៀត រដ្ឋមន្រ្តីក៏បានប្តេជ្ញាសហការជាមួយដៃគូ សាងសង់រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបន្ថែមទៀតផងដែរ ដើម្បីសម្រេចគោលដៅ ដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញជួយឲ្យពលរដ្ឋមានទឹកស្អាត ប្រើប្រាស់បានគ្រប់គ្នា ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ប្រតិបត្តិករទាំងអស់បានផលិតនិងផ្គត់ផ្គង់ទឹកស្អាតសរុបចំនួនប្រមាណ ៤៦១ លានម៉ែត្រគូប ជូនអតិថិជនចំនួន ១ ៣០៧ ៨១០ តំណ ដែលស្មើប្រជាជនប្រមាណ ៦,៥ លាននាក់ នៅទូទាំងប្រទេស បានទទួលទឹកស្អាតប្រើប្រាស់ពីប្រព័ន្ធបណ្តាញទឹកស្អាត៕