ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងបន្តដោះស្រាយតាមនីតិវីធីច្បាប់ចំពោះសមាគមទេវ សក្ខី ភគវន្ត ក្រោយពេលក្រសួងធម្មការ និងសាសនា បានប្រជុំដោះស្រាយដំណាក់កាលបឋមរួចមក។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងធម្មការ។
ការសន្យាបន្តដោះស្រាយរបស់ក្រសួងមហាផ្ទៃនេះ បន្ទាប់ពី លោកចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា តំណាងក្រសួងមហាផ្ទៃ និងតំណាងក្រសួងយុត្តិធម៌ កាលពីថ្ងៃ២៩ មករា បានកោះហៅលោក ថង ប៊ុនថេង ហៅ សក្ខី ភគវន្ត ប្រធានសមាគមទេវ សក្ខី ភគវន្ត ធ្វើការអប់រំណែនាំក្រោយពីលោកបានលើកឡើងថា ព្រះសង្ឃបួសក្លាយជាទម្ងន់ អំពល់ទុក្ខដល់ពុទ្ធបរិស័ទ ហើយព្រះត្រៃបិដក ជាបិដកមិនគ្រប់ទឹក។

ក្រោយបញ្ចប់កិច្ចប្រជុំ លោក ថង ប៊ុនថេង ព្រមទទួលស្គាល់នូវកំហុសឆ្គង និងយល់ព្រមពោលពាក្យសុំទោសជាសាធារណៈ ចំពោះចំណុចដែលខ្លួនបានលើកឡើង កន្លងមកដែលធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃ ព្រះត្រៃបិដក និងព្រះពុទ្ធសាសនា , យល់ព្រមផ្លាស់ប្តូរឥរិយាបថក្នុងពេលពន្យល់ធម៌ , ឈប់ប្រើប្រាស់ក្រណាត់សំពត់ពានា និងយល់ព្រមលុបវីដេអូបានផ្សព្វផ្សាយ ដែលប៉ះពាល់កន្លងមកចេញពីបណ្តាញសង្គម ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
